ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មាន ស្តីពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ លើកទី២
April 28, 2022    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាលើកទី២ ក្រោមអធិបតីភាព ឯកឧត្តម ងីច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមទី២ នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារត្រួតពិនិត្យរួម នៃប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) តាមរយៈប្រព័ន្ធវីដេអូ ZOOM នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ នាទីព្រឹក  ជូនដល់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ រដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ សរុបមានចំនួន២២១រូប ដោយមានវាគ្មិនមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

ជាងនេះទៀត សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាពជូនដល់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាស្ថាប័នអនុវត្តច្បាប់ ក្នុងការចូលរួមបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព ជាពិសេសអំពីបែបបទ នីតិវិធី នៃការអនុវត្តកាតព្វកិច្ច និងវិធានការនានាដូចមានកំណត់ក្នុងច្បាប់ ដើម្បីបំពេញកាតព្វកិច្ច តាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុ (Finacial Action Task Force-FATF)។ ទន្ទឹមនេះសិក្ខាសាលាបានចែករំលែកនូវបទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ព្រមទាំងបានផ្តល់ឱកាសឱ្យសិក្ខាកាមពិភាក្សា និងលើកជាសំណួរពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ និងក្របខណ្ឌគតិយុត្ត បែបបទ នីតិវិធី នៃការចូលរួមអនុវត្តច្បាប់ ពិសេសតួនាទីរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងកិច្ចការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ជាលទ្ធផល សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ ទទួលបាលការយល់ដឹងអំពីខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បែបបទ នីតីវិធី នៃការអនុវត្តច្បាប់ និងកាតព្វកិច្ចដូចចែងក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន ព្រមទាំងបានលើកទឹកចិត្ត និងជម្រុញឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិបន្តកិច្ចសហការ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់មន្ត្រីរាជការ និងបុគ្គលពាក់ព័ន្ធសំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ