អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៦ នៅរដ្ឋបាលខេត្តព្រៃវែង (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)
April 25, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៦ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) នៅសាលប្រជុំរបស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ក្នុងកិច្ចប្រជុំនោះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារសម្របសម្រួលកិច្ចការសវនកម្ម ភូមិភាគ៦, ឯកឧត្តម អភិបាលរងខេត្តទាំង៤ តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសាមីទាំង ៤, ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, លោក លោកស្រី នាយករដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៅរដ្ឋបាលខេត្ត ក្រុង ស្រុក, លោក លោកស្រី ស្នងការ ស្នងការរង អធិការ អធិការរង និងមន្រ្តីពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក លោកស្រី ប្រធាន អនុប្រធានពន្ធនាគារ និងមន្រ្តីពាក់ព័ន្ធនៅពន្ធនាគារខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អភិបាលរងខេត្តព្រៃវែង បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាដ៏មមាញឹកមកបំពេញបេសកកម្មនៅខេត្តព្រៃវែង និងបណ្តាខេត្តពាក់ព័ន្ធនៅភូមិភាគ៦។ ឯកឧត្តម ក៏បានរាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងទឹកដីខេត្តព្រៃវែង។

ជាកិច្ចបន្ត ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គប្រជុំទាំងមូល។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងបីផ្នែក (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងតែងតែសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក។

ឯកឧត្តម បានបន្តទៀតថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ គឺទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពសង្គម និងវិស័យផ្សេងៗ ពិសេសប៉ះពាល់ដល់កត្តាជីវភាពរស់នៅ និងចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្តា រាជធានី ខេត្ត។

ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ២ឆ្នាំ មកនេះ ពោលឆ្នាំ២០២០ និងឆ្នាំ២០២១ គឺអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានខកខានក្នុងការបំពេញបេសកកម្មចុះធ្វើការងារសវនកម្មតាមបណ្តារដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់, ស្នងការដ្ឋាននគរបាលរាជធានីខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងពន្ធនាគារ រាជធានី ខេត្ត និងមណ្ឌលអប់រំកែប្រែ។ ដោយឡែក សម្រាប់ឆ្នាំនេះ គឺខុសប្លែកពីឆ្នាំអនុវត្តកិច្ចសវនកម្មនាពេលកន្លងមក ដោយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមបណ្តាភូមិភាគនីមួយៗ សរុបចំនួន ៦ភូមិភាគ ទូទាំងប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនរដ្ឋបាល ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងពន្ធនាគារខេត្ត ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដូចខាងក្រោម៖

- គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រឹងសមត្ថកិច្ចកិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ

- គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតាមដានរាល់ការដាក់អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើសវនដ្ឋាន ក្នុងការគោរព និងអនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

នៅទីបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានជូនពរដល់អង្គពិធីទាំងមូលជួបតែនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងចៀសផុតពីជម្ងឺកាចសាហាវ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ