សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន
April 24, 2022    អ្នកទស្សនា :

នារសៀលថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្តីពី បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះ នៃកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»។

នាឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមទទួលពី សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម-លោកជំទាវ ប្រតិភូជាន់ខ្ពស់ អភិបាលរាជធានីភ្នំពេញ ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនដែរថា នៅក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់អំពីការប្តេជាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈយន្តការនានាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផលថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ជាងនេះទៅទៀត ក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសដែលបានចូលរួមបានឯកភាពដាក់ចេញនូវ «សេចក្តីប្រកាសទីក្រុងខឹម៉ាមូតុ» ដែលក្នុងនោះថ្នាក់ដឹកនាំមានទស្សនៈរួមថា ការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ទាមទារឱ្យប្រែក្លាយសង្គមបច្ចុប្បន្ន ទៅជាសង្គមដែលផ្តោតលើគុណភាព មានភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលអាចសម្រេចបានតាមរយៈការពង្រឹងសកម្មភាពនានាសម្រាប់និរន្តរភាពនៃធនធានទឹក។

នៅក្រៅកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម គីស៊ីដា ហ្វឹមីអូនាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបតិ្តការជិតស្និទ្ធទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។

បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

ដោយឡែក សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឱ្យលោក តិហ្សឹយ៉ា ស៊ីណូហារ៉ា អនុប្រធានជាន់ខ្ពស់នៃសាជីវកម្មមីតស៊ូប៊ីស៊ី និងលោក កាន់ដា យ៉ូហ្គោ ប្រធានចាត់ការទូទៅនៃការិយាល័យតំណាងសាជីវកម្មមីតស៊ូប៊ីស៊ី នៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុន ប្រចាំកម្ពុជា និងលោក សូមេយ៉ា សាតុរុ នាយកគ្រប់គ្រងនៃក្រុមហ៊ុន TradeWaltz និងឯកឧត្តម កាបាស៊ីម៉ា អ៊ិគឹអុ អភិបាលខេត្តខឹម៉ាមូតុ រួមជាមួយលោក អូនីស៊ិ កាហ្សឹកហ្វឹមិ អភិបាលក្រុងខឹម៉ាមូតុ និងជាអនុប្រធានគណៈ កម្មាធិការប្រតិបតិ្តចម្រុះ នៃកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានដឹកនាំក្រុមធុរជនចំនួន ៨ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ