អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាកែសម្រួលកំណត់ទម្រង់របាយការណ៍ កំណត់បង្ហាញ និងលិខិតនានារបស់អគ្គាធិការដ្ឋាន
April 21, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួលកំណត់ទម្រង់របាយការណ៍ កំណត់បង្ហាញ និងលិខិតនានារបស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ បានលើកឡើងពីទម្រង់លិខិតកំពុងប្រើប្រាស់ក្នុងអគ្គាធិការដ្ឋានមានលក្ខណៈល្អប្រសើរហើយ រួមទាំងការរៀបចំខ្លឹមសារផងដែរ គ្រាន់តែមិនទាន់មានទម្រង់តែមួយដូចៗគ្នានៅឡើយតាមនាយកដ្ឋានចំណុះ ហេតុនេះក្នុងអង្គភាពតែមួយ គួរណាស់តែប្រើប្រាស់ទម្រង់លិខិតតែមូយដូចគ្នា លើកលែងតែខ្លឹមសារនៃលិខិតអាស្រ័យតាមភាពជាក់ស្តែង។

ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គាធិការ បានក្រើនរំលឹករាល់របាយការណ៍ដែលរាជធានីខេត្ត បំភ្លឺមកក្រសួងមហាផ្ទៃត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដើម្បីមានមូលដ្ឋានពិនិត្យផ្ទៀងផ្ទាត់ និងស្នើប្រធាននាយកដ្ឋានជំនាញ ជាពិសេសអគ្គាធិការរងទទួលបន្ទុក ត្រូវពិនិត្យវិភាគខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានម៉ត់ចត់ មិនមែនចេះតែផ្អែកតាមការបំភ្លឺរបស់រាជធានី ខេត្តនោះទេ បើក្នុងករណីមិនសមស្រប ឬខុសពីកម្មវត្ថុឬខ្លឹមសារឱ្យបំភ្លឺនោះ ប្រធាននាយកដ្ឋានជំនាញ ជាពិសេសអគ្គាធិការរងទទួលបន្ទុក អាចលើកយោបល់ថាតើគួរចុះអង្កេតជាក់ស្តែង ឬក្រើនរំលឹកឱ្យបំភ្លឺម្តងទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ ក៏បានលើកឡើងពីការងាររដ្ឋបាល ការចាត់ចែងសំណុំរឿងឬបណ្តឹង និងវគ្គបណ្តុះបណ្តាល។ សម្រាប់វគ្គបណ្តុះបណ្តាលវិញ សូមប្រធាននាយកដ្ឋានសហការជាមួយអគ្គាធិការរងទទួលបន្ទុក  ត្រូវពិនិត្យថាតម្រូវការវគ្គបណ្តុះបណ្តាលអីខ្លះដើម្បីឆ្លើយតបឱ្យត្រូវនឹងតម្រូវការទំហំការងារ វិស័យការងារ និងសមត្ថភាពរបស់មន្ត្រី។ បើចាំបាច់អាចអញ្ជើញគ្រូ ឬអ្នកជំនាញពីខាងក្រៅអង្គភាព មកបង្ហាត់បង្ហាញដល់មន្ត្រី ដែលការបណ្តុះបណ្តាលជាការយកចិត្តទុកពីថ្នាក់ដឹកនាំក្រសួង ជាពិសេស សម្តេចក្រឡាហោម លោកតែងតែចង្អុលបង្ហាញ លើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីព្រោះការបង្កើនចំណេះដឹង សមត្ថភាពជារឿងសំខាន់ ដើម្បីប្រែក្លាយជាធនធានមួយមានសក្កានុពល និងប្រសិទ្ធភាពការងារតាមអង្គភាព។

បន្ទាប់ពីអង្គប្រជុំពិនិត្យ ពិភាក្សា និងលើកយោបល់បានជាធាតុចូលមួយចំនួនមក ឯកឧត្តម អគ្គាធិការបានប្រគល់ភារកិច្ចជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌុច សារឿន អគ្គាធិការរង ដឹកនាំប្រធាននាយកដ្ឋាន និងមានការចូលរួមពីអគ្គាធិការរងទទួលបន្ទុក មន្ត្រីពាក់ព័ន្ធ ប្រជុំពិនិត្យពិភាក្សាពីទម្រង់លិខិតនេះបន្ថែមទៀត ដើម្បីឱ្យបានកាន់តែល្អប្រសើរមួយអន្លើទៀត។

ជាចុងក្រោយ ឯកឧត្តមអគ្គាធិការបានថ្លែងការអរគុណ ចំពោះ ឯកឧត្តម អស់លោក ដែលបានខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ និងសូមជូនពរជោគជ័យការងារថ្មីៗ ព្រមទាំងទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ