សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
April 20, 2022    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយវឌ្ឍនភាពឥតឈប់ឈររវាងកម្ពុជា-ឡាវ ក្នុងនោះរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណឡាវ ដោយបានយកចិត្តទុកដាក់ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានលើកឡើងផងដែរថា ទោះបីជាកន្លងមកស្ថិតក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប៉ុន្តែក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណឡាវ បានខិតខំស្វែងរកឱកាសដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាតាមរយៈការជួបប្រជុំតាមអនឡាញជាដើម និងបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសកិច្ចសហការរក្សាសន្តិសុខតាមព្រំដែនផងដែរ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានបង្ហាញការជឿជាក់ ក្នុងអាណត្តិការទូតរបស់ ឯកឧត្តមនាពេលនេះ  ដោយសម្តេច បានសង្ឃឹមថា ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែសកម្មថែមទៀត។

សម្តេចក្រឡាហោម ក៏បានយកឱកាសនេះជម្រាបជូន ឯកឧត្តម បូរកែវ ភូមិវង់សាយ នូវកិច្ចការងារសំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់អនុវត្ត ក៏ដូចជាដោះស្រាយ ដែលមានដូចជាទី១ ការទប់ស្កាត់ដោះស្រាយបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩, ទី២ ការងារសណ្តាប់ធ្នាប់សាធារណៈ ពិសេសពាក់ព័ន្ធយុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍ និងទី៣ កិច្ចខិតខំប្រឹងប្រែងស្តារនូវផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។

ជាការឆ្លើយតប ឯកឧត្តម បូរកែវ ភូមិវង់សាយ បានបង្ហាញក្តីរីករាយ និងមោទកភាព នូវការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩តាមរយៈការផ្តល់ជំនួយផ្សេងៗលើផ្នែកសុខាភិបាលដល់ប្រទេសឡាវនាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងអាណត្តិការងារ និងបំពេញបេសកកម្មនៅកម្ពុជា ដោយឯកឧត្តមនឹងខិតខំកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណឡាវ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងជោគជ័យបន្ថែមទៀត តទៅអនាគត។

ស្របជាមួយគ្នានេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចក្រឡាហោម នៃវិបត្តិជាសកលកូវីដ១៩ ហើយបើទោះជាជួបប្រទះនូវវិបត្តិនេះក្តី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនូវតែបន្តខិតខំលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ជាក់ស្តែងដែលស បញ្ជាក់ឱ្យឃើញតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំថ្នាក់ដឹកនាំក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះគឺកិច្ចប្រជុំអាស៊ានឆ្នាំ២០២២នេះ។

ជាចុងក្រោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះឆន្ទៈរបស់ឯកអគ្គរដ្ឋទូតក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ សម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងបានចូលរួមប្រជុំផ្ទាល់ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលអាស៊ាននៅក្នុងឆ្នាំ២០២២នេះ លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានជូនពរឯកឧត្តម ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការងារបំពេញបេសកកម្មនៅប្រទេសកម្ពុជា ប្រកបដោយភាពឧត្តុង្គឧត្តម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ