អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន
April 12, 2022    អ្នកទស្សនា :

រសៀលថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋានឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យរដ្ឋបាល និងប្រធាន-នាយការិយាល័យទាំងអស់។

បន្ទាប់ពី ឯកឧត្តម សុខ លីនណា អគ្គាធិការរង រាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំជូន ឯកឧត្តម អគ្គាធិការ និងអង្គប្រជុំរួចមក ឯកឧត្តម អគ្គាធិការ បានសំដែងក្ដីសោមនស្សរីករាយនិងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ក្នុងនាមសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអធិការកិច្ច ត្រួតពិនិត្យសកម្មភាព កិច្ចប្រតិបត្តិការ ដោះស្រាយបណ្តឹងតវ៉ា បរិហារ និងការចុះផ្សាយលើសារព័ត៌មាន បណ្ដាញសង្គម ពីភាពអសកម្មជាប់ទាក់ទងនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ និងក្រោមជាតិក្រោមឱវាទក្រសួងមហាផ្ទៃ។

ឯកឧត្តម អគ្គាធិការបានមានប្រសាសន៍បន្តថា ក្រសួងមហាផ្ទៃបានបន្តលើកកម្ពស់ការទទួលខុសត្រូវក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ថែរក្សា ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រជាពលរដ្ឋដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន និងមានចីរភាព ហើយដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ជាអាទិភាពដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាការរួមចំណែកអនុវត្តខាងលើនេះ អគ្គាធិការដ្ឋាន ត្រូវសម្រេចឱ្យបាននូវសំណូមពរមាន ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិស្របតាមគោលនយោបាយ ច្បាប់, លើកកម្ពស់ការផ្តល់សេវាសាធារណៈនៅថ្នាក់ជាតិនិងក្រោមជាតិប្រកបដោយតម្លាភាព សមធម៌, ទប់ស្កាត់ការយកតួនាទីរបស់អង្គភាព ឬសិទ្ធិអំណាចដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយខុសច្បាប់ និងលើកកម្ពស់ ការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការស៊ីវិល កម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រោមឱវាទក្រសួងមហាផ្ទៃ។

ក្នងឱកាសនោះដែរ ឯកឧត្តម អគ្គាធិការ បានទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលកិច្ចប្រជុំរកឃើញនិងបានធ្វើការកត់សម្គាល់បន្ថែមមួយចំនួនមាន កង្វះខាតច្បាប់ និងលិខិតបទដ្ឋានស្តីពីអធិការកិច្ច និងដោះស្រាយបណ្តឹង ដែលបច្ចុប្បន្នយើងអនុវត្តផ្អែកតាមតែអនុក្រឹត្យលេខ១០៩អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥  កង្វះនូវកិច្ចសហការពីអង្គភាពថ្នាក់ជាតិនិងក្រោមជាតិដែលពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិដោះស្រាយបណ្តឹងអនុវត្តមិនបានពេញលេញ និងវប្បធម៌អន្តរាគមន៍ សមត្ថភាពមន្ត្រីមានកម្រិតនិងការបំពេញការងារមិនបានពេញលេញដោយសារជំងឺកូវីដ-១៩និងការបំពេញការងារតាមអនឡាញមានផលរំខានពីអ៉ីនធឺណែតនិងតំបន់សេវាទូរស័ព្ទ។

ឯកឧត្តម អគ្គាធិការ បានផ្តល់មតិណែនាំលើកិច្ចការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អមានដូចខាងក្រោម÷
 -ត្រូវរៀបចំផែនសកម្មភាពការងាររបស់ខ្លួន ផ្អែកតាមទិសដៅការងារឆ្នាំ២០២២និងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំរបស់អគ្គាធិការដ្ឋាន
 -បន្តចុះធ្វើអធិការកិច្ច និងត្រូវមានវិធានតាមដានត្រួតពិនិត្យការកែលម្អរបស់បណ្តាអង្គភាពដែលក្រសួងបានសម្រេចទៅលើលទ្ធផលអធិការកិច្ចរួច។
 -បន្តទទួលនិងដោះស្រាយបណ្តឹង ឱ្យទាន់ពេលវេលាប្រកបដោយវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាពនិងប្រសិទ្ធភា និងតាមដានក្រើនរំលឹកចំពោះពាក្យបណ្តឹងដែលបង្វែរជូនរាជធានីខេត្តជាសមត្ថកិច្ច
 -ពង្រឹងចំណេះដឹង សមត្ថភាព ពង្រឹងការគោរពវិន័យ កិច្ចសហការ សាមគ្គីភាព គ្រប់គ្រងវត្តមន្ត្រី ចែករំលែកបទពិសោធន៍ និងបញ្ជ្រាបយ៉េនឌ័រ។

ជាចុងក្រោយ និងជាថ្មីម្តងទៀត ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណ និងកោតសរសើរដល់ក្រុមការងាររបស់អគ្គាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំកិច្ចប្រជុំនេះបានល្អ ដំណើរទៅបានរលូន និងសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងយកមតិយោបល់ដែលទទួលបានពីកិច្ចប្រជុំថ្ងៃនេះ ធ្វើជាត្រីវិស័យបង្ហាញផ្លូវសម្រាប់ធ្វើសកម្មភាពការងាររបស់ខ្លួនក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។បុណ្យប្រពៃណីឆ្នាំថ្មីនេះ សូមប្រសិទ្ធិពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យថ្មីៗបន្ថែមទៀត និងសូមប្រកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ