សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល
April 12, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយពីគ្រោះថ្នាក់ចរាចរណ៍នេះ មាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ដែលប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយនឹងការយកចិត្តទុកដាក់បើកបរប្រកបដោយការទទួលខុសត្រូវ និងបង្កើតឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង ជាក់ស្ដែងទោះជាមានការថយចុះ ក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១ ក៏ដោយ។ ប៉ុន្ដែគ្រោះថ្នាក់នេះ មាននិន្នាការកើនឡើង បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករងរបួសមានអត្រាខ្ពស់ លើសគ្រោះសង្គមនានា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ ០៥នាក់ និងអ្នករបួសចំនួន ១៤នាក់»។

សម្ដេចក្រឡាហោម បានរៀបរាប់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន១០៦លើក ស្មើនឹង១៤% (៨៦៩/៧៦៣លើក) ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤% (៤៩៣/៤៣៣នាក់) និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣% (១២៦២/១១១៣នាក់)។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងទៀតថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជា ៖ បើកបរលើសល្បឿនកំណត់, បើកបរមិនគោរពសិទ្ធិអាទិភាព, បើកបរមិនគោរពសញ្ញាចរាចរណ៍, បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, បើកបរមិនពាក់មួកសុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ឱ្យដឹងទៀតថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងបន្ដទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមរយៈដាក់ចេញទិសដៅការងាររបស់គណៈកម្មាធិការ នៅឆ្នាំ២០២២នេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ