សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជាមានសន្តិភាពសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ឆ្លងកាត់ការលំបាកជាច្រើន ទម្រាំអាចកសាងបានសុខសន្តិភាព ដូចពេលនេះ និងចំណាយពេលវេលារាប់សិបឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា "កម្ពុជាមានសព្វថ្ងៃនេះ មិនមែនបានមកដោយងាយៗនោះទេ ដ្បិតកម្ពុជាឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំអាចកសាងបានសុខសន្តិភាពដូចពេលនេះ និងបានចំណាយពេលវេលារាប់សិបឆ្នាំ ចំណាយសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិតមនុស្សជាច្រើននាក់ ទម្រាំងអាចឈានមកដល់ដំណាក់កាលដូចបច្ចុប្បន្ន"។
លេីសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពជាបន្តទៀត។ សម្ដេច បានបន្តថា មានកិច្ចការច្រើនដែលត្រូវធ្វើដើម្បីថែរក្សាការពារសុខសន្តិភាព ក្នុងនោះ ក៏មានកិច្ចការដែលបានធ្វើជាបន្តបន្ទាប់មកហើយដែរ ដូចជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ កសាងប្រព័ន្ធយុត្តិធម៌សង្គម និងការបង្កើតបរិយាកាសឱ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ ដូចជា ការខិតខំឱ្យកូនចៅប្រជាពលរដ្ឋមានឱកាសទទួលបានការអប់រំស្មើៗគ្នា ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញជាដើម៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា