សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)
April 07, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថានទូតនានា ប្រចាំកម្ពុជា អង្គការសង្គមស៊ីវិល អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ៣៦០រូប ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានធ្វើសេចក្តីរាយសង្ខេប ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលជ្រាប ថា ឆ្នាំ២០២១ កន្លងទៅ កម្ពុជា មានការបិទខ្ទប់ព្រំដែន ការបិទខ្ទប់តំបន់ ដែលមានហានិភ័យខ្ពស់ ហើយការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ ដោយគំហុកជាង ១៣ម៉ឺននាក់ ក្នុងឆ្នាំ២០២០ និង១៤០,៦៦៤នាក់ ស្ត្រី៦២.១៨៤នាក់ ក្នុងឆ្នាំ២០២១ ក្នុងអំឡុងមានការបិទខ្ទប់ព្រំដែនប្រទេសជិតខាង។

លោកជំទាវ បានបន្ដថា ឆ្នាំ២០២១ គ.ជ.ប.ជ បានបង្កើនការចំណាយទៅលើវិស័យសង្គមកិច្ច ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីវិបត្តិ ដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រួមមាន ៖ ការអប់រំផ្សព្វផ្សាយ ការគាំទ្រជីវភាពប្រជាពលរដ្ឋខ្វះខាត កម្មករកម្មការិនីដែលបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកូនតូចក្រោមអាយុ ២ឆ្នាំ ការឧបត្ថម្ភ និងផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គាំទ្រ និងឧបត្ថម្ភគ្រួសារ ដែលមានអ្នកឆ្លង ឬមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាដើម។

លើសពីនេះទៀត លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ការបង្កើត និងទ្រទ្រង់ដំណើរការមណ្ឌលចត្តាឡីស័ក មណ្ឌល ឬមន្ទីរពេទ្យព្យាបាល ដោយឥតគិតថ្លៃ ព្រមទាំងបំពាក់សម្ភារបច្ចេកទេស វេជ្ជសាស្ត្រ ថ្នាំព្យាបាល រថយន្តសង្គ្រោះ ព្រមទាំងពង្រាយកម្លាំងគ្រូពេទ្យ មន្ត្រីតាមអង្គភាព មន្ត្រីជួរមុខ កងម្លាំង និងមធ្យោបាយ ជួយសង្គ្រោះប្រជាពលរដ្ឋ ពិនិត្យតាមដានសុខភាព តាំងពីព្រំដែន និងតាមសហគមន៍ ជាពិសេសនោះ យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ រហូតជនបរទេស ដែលស្នាក់អាស្រ័យ និងធ្វើការនៅកម្ពុជា ដោយឥតគិតថ្លៃ ផងដែរ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា បានយ៉ាងសកម្ម។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរអគុណដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាខិតខំប្រឹងប្រែង ព្រមទាំង ធ្វើសកម្មភាពព្រមៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អំពើជួញដូរមនុស្ស ជាលទ្ធផលក៏ទទួលបានយ៉ាងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ។

សម្ដេចក្រឡាហោម ក៏បានសម្តែងនូវក្តីរីករាយចំពោះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ សម្ដេចក្រឡាហោម បានបន្ដថា ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការអនុវត្តនិតីវិធីតាមផ្លូវតុលាការ ការកាត់សេចក្ដីដើម្បីផ្តន្ទាទោស ជនល្មើសពាក់ព័ន្ធជួញដូរមនុស្ស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ សម្ដេចក្រឡាហោម បានរៀបរាប់ថា ទោះបីយើងបានធ្វើកិច្ចការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្ដែការងារកាត់ទោសជនល្មើសពាក់ព័ន្ធជួញដូរមនុស្សមានតិច តែក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ទាំងនេះជាឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដែលមានទាំងសកម្មភាពបង្ការទប់ស្កាត់ ការបង្ក្រាប ការសង្គ្រោះ និងកិច្ចការពារជនរងគ្រោះ ការផ្តន្ទាទោស និងកិច្ចសហការដ៏ទូលំទូលាយ ពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់អន្តរជាតិ។

ឆ្លៀតឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូក្នុងស្រុក និងអន្តរជាតិសូមបន្តសហការគ្នា ដើម្បីបន្តរិះរកនូវវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជាគ្មានអំពើជួញដូរមនុស្ស» និងរួមចំណែកក្នុងការ រក្សាស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសង្គម និងកាត់បន្ថយឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ លើមនុស្ស គ្រប់ភេទ គ្រប់វ័យ ជាពិសេសស្រ្តី កុមារ និងយុវវ័យ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស ដើម្បីជាឱកាសពង្រឹង និងពង្រីកធនធានមនុស្សក្នុងសង្គម ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ តាមការគ្រោងទុក ។

សូមជម្រាបជូនដែរថា ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណសរសើរជូនប្រធានក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង ០៦ សមាជិក គ.ជ.ប.ជ និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំង ប្រគល់ប័ណ្ណសរសើរដល់រដ្ឋបាលរាជធានី-ខេត្ត ជ័យលាភីទាំង២៥ និងដៃគូពាក់ព័ន្ធផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ