សម្ដេចក្រឡាហោម ស ខេង ជំរុញដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមសាលារៀន ឱ្យរួមគ្នាដាំដើមឈើដើម្បីកាត់បន្ថយកម្ដៅ និងគ្រោះមហន្តរាយនានា

សម្ដេចក្រឡាហោម ស ខេង បានជំរុញ ក៏ដូចជាលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងតាមសាលារៀន ឱ្យរួមគ្នាដាំដើមឈើឱ្យបានច្រើនដើម្បីកាត់បន្ថយកម្តៅ ព្រមទាំងដើម្បីបង្កើនសោភ័ណភាព។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាវិទ្យាល័យ តាគ្រាម ១ខ្នង កម្ពស់២ជាន់ ១២បន្ទប់, អគារអនុវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅឃុំតាគ្រាម, អគារបឋមសិក្សា បុស្សសម្ព័រ ១ខ្នង ៦បន្ទប់, ប្រឡាយប្រវែង ៣៦,៤០០ម៉ែត្រ, ស្ពានបេតុង៨កន្លែង សំណង់សិល្បៈការ ១កន្លែង និងសំណង់ស្ទាក់ទឹក ១កន្លែង ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ការដាំដើមឈើក្រៅពីជួយកាត់បន្ថយកម្តៅ ក៏បានជួយដល់បរិស្ថាននៅជុំវិញយើងឱ្យមានខ្យល់បរិសុទ្ធ ព្រោះដើមឈើបញ្ចេញខ្យល់អុកស៊ីសែន និងស្រូបឧស្ម័នកាបូនិច ដែលមានជាតិពុលហើយនៅពេលយើងស្រូបចូលទៅក្នុងខ្លួនធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូច្នេះយើងពុំអាចមើលស្រាលបាននោះទេ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានលើកឡើងនូវបញ្ហាអាកាសធាតុដែលមានការប្រែប្រួលជាបន្តបន្ទាប់ដោយសារតែការកើនឡើងកម្តៅ ហើយកម្ពុជាក៏នឹងកើនឡើងកម្តៅកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខ ក៏ប៉ុន្តែប្រសិនណាបើយើងមានដើមឈើដាំដុះជុំវិញផ្ទះ នោះប្រាកដជាអាចជួយកាត់កាត់បន្ថយកម្តៅ បានយ៉ាងច្រើន។

ស្របជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានណែនាំឱ្យប្រជាពលរដ្ឋថែរក្សាអនាម័យ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើទោះបីជាយើងក្រីក្រយើងកុំភ្លេចរឿងអនាម័យ។

ក្នុងនោះសម្តេចក្រឡាហោម បានណែនាំដល់មន្ត្រីមូលដ្ឋានត្រូវត្រៀមលក្ខណៈទុកជាស្រេចឱ្យបានទាន់សភាពការណ៍ករណីមាន ខ្យល់ព្យុះ ខ្យល់កន្ទាក់ ទឹកជំនន់ គ្រោះរាំងស្ងួតនានាកើតឡើងក្នុងតំបន់ ត្រូវធ្វើសកម្មភាពជួយជាបន្ទាន់ឱ្យទាន់ពេលវេលា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ