សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកល នូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូសន្និសីទ
March 23, 2022    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Benit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកល នូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក និងសហការី ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូសន្និសីទ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ធនាគារពិភពលោក ដែលបានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។ ដែលគម្រោងសំខាន់ៗទាំងនោះ រួមមាន ៖ គម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ផងដែរ ថា ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំងនេះពីសំណាក់ធនាគារពិភពលោក គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំង ចូលរួមរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់គោលដៅ នៃការអនុវត្តនូវគម្រោងទាំងនេះ។

ជាមួយគ្នានេះដែរ ជាការឆ្លើយតប លោក Benit Bosquet ប្រធានប្រចាំតំបន់ នៃធនាគារពិភពលោក ក៏បានសម្ដែងនូវការគាំទ្រចំពោះការលើកឡើងរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោក បានលើកឡើងថា នេះគឺជាមូលហេតុមួយដែលលោក មានបំណងជួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ព្រមទាំងក្រុមការងារទទួលបន្ទុកកិច្ចការទាំងនេះ ហើយក៏ជាចំណុចដែលលោក មានបំណងលើកឡើងផងដែរ សម្រាប់ជំនួបពិភាក្សាការងារនាពេលនេះ ពាក់ព័ន្ធទៅនឹងអ្វីដែល សម្ដេចក្រឡាហោម បានលើកឡើងចំពោះគម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង។

លើសពីនេះទៀត លោក Benit Bosquet បានសម្ដែងការយល់ឃើញដូច សម្ដេចក្រឡាហោម ផងដែរថា ចំពោះអត្ថប្រយោជន៍ ដែលគម្រោងទាំងនេះបានផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺការចូលរួមជួយអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាគោលដៅក្នុងការអនុវត្តគម្រោងទាំងនោះ។ លោក បានបន្ដថា ធនាគារពិភពលោក ក៏នៅតែបន្ដបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែកតាមរយៈការអនុវត្តគម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោក Benit Bosquet ក៏បានជម្រាបជូន សម្ដេចក្រឡាហោម និងគណៈប្រតិភូកម្ពុជា ថា មានកិច្ចការងារមួយចំនួនទៀត ដែលភាគីទាំងពីរ ត្រូវបន្ដជជែកពិភាក្សាគ្នានៅលើកិច្ចការងារបន្ថែមទៀត ពាក់ព័ន្ធទៅនឹងគម្រោងទាំងបីនៅខាងលើនេះ សំដៅធ្វើយ៉ាងណាបង្កើតបាននូវនិរន្ដរភាពសម្រាប់ការអនុវត្តគម្រោងទាំងនេះ ហើយបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋបន្ដទៅមុខទៀត។

ខណៈនោះដែរ លោក ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ក្រសួងមហាផ្ទៃ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្ត និងដាក់ឱ្យដំណើរការគម្រោងសំខាន់ៗ ដូចបានលើកឡើងនៅខាងលើនេះ។

ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះ លោក Benit Bosquet និងគណៈប្រតិភូរបស់ ធនាគារពិភពលោក ហើយ សម្ដេចក្រឡាហោម ក៏បានជម្រាបជូន ថា សម្ដេច និងសហការីពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ បានត្រៀមខ្លួនជានិច្ច ដើម្បីជជែកពិភាក្សាជាមួយភាគីធនាគារពិភពលោក ក្នុងការពិនិត្យធ្វើយ៉ាងណាធានាបាននូវនិរន្ដរភាព នៃដំណើរការអនុវត្តគម្រោងសំខាន់ៗទាំងនេះ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យបន្ដចូលរួមចំណែក ដើម្បីឱ្យការអនុវត្តគម្រោងសំខាន់ៗទាំងនេះ សម្រេចបានជោគជ័យ។ តាមរយៈបទពិសោធន៍ផ្ទាល់ សម្ដេចក្រឡាហោម បានជម្រាបជូនបន្ថែមដល់គណៈប្រតិភូរបស់ ធនាគារពិភពលោក ថា សម្ដេច ក៏បានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តគម្រោងទាំងនេះ ពិតជាឃើញនូវការគាំទ្ររបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងសំខាន់ៗទាំងនេះ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញដល់ភាគីពាក់ព័ន្ធ ដើម្បីបន្ដជជែកពិភាក្សាសំដៅធ្វើយ៉ាងណាទទួលបាននូវការគាំទ្របន្ថែមទៀតពីសំណាក់ធនាគារពិភពលោក ដើម្បីឱ្យគម្រោងសំខាន់ៗទាំងនេះ អាចបន្ដនិរន្ដរភាពសម្រាប់បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ