សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង
March 22, 2022    អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលសង្ខេបនៃដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២ និងរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលជ្រាប ដោយឯកឧត្តម បានជម្រាបជូនថា ខេត្តបានខិតខំចូលរួម ក្នុងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង និងបង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី។

ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែបន្តបង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំរក្សាការពារ បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្ត ជារួមលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង គឺទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទក។

ឯកឧត្តម បានបន្ថែមថា ដោយឡែកចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានត្រៀមលក្ខណៈរួចរាល់ ពង្រឹង និងអនុវត្តវិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់មុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត ស្របតាមផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការត្រៀមកម្លាំងអន្តរាគមន៍ ក្នុងករណីចាំបាច់នានាផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៅក្នុងរដ្ឋបាលខេត្តដែលបានសហការ ជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍដល់ខេត្តព្រៃវែង ក្នុងឆ្នាំ២០២១ កន្លងទៅ ជាពិសេស បានចូលរួមប្រយុទ្ធទៅនឹងបញ្ហាប្រឈមនានា និងជួយគាំទ្រដល់ការខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

នាឱកាសនោះផងដែរ សម្តេចក្រឡាហោម បានធ្វើការណែនាំពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ដោយសម្តេចបានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងធំៗមួយចំនួន ដែលឧក្រិដ្ឋជនបានប្រើប្រាស់សារធាតុកែច្នៃផលិតជាគ្រឿងញៀន និងចរាចរណ៍ដោយខុសច្បាប់ ដែលបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាយើង ផ្អែកលើបញ្ហានេះរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ អនុវត្តកិច្ចការងារសំខាន់ៗដូចជា កងកម្លាំងមានសមត្ថកិច្ច ពង្រឹងសមត្ថភាព និងជំនាញក្នុងការស្រាវជ្រាវនឹងទប់ស្កាត់ បង្ក្រាបគ្រឿងញៀនខុសច្បាប់នៅភូមិសាស្ត្រខេត្តព្រៃវែង។

ក្នុងនោះត្រូវបង្កើនការកំណត់មុខសញ្ញាជួញដូរ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន សំដៅគ្រប់គ្រងនិងកាត់ផ្តាច់ចរន្តនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាពិសេស អាជ្ញាធរ មន្ត្រី កងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងនឹងលើកកម្ពស់ការទទួលខុសត្រូវ និងការបង្ការទប់ស្កាត់គ្រឿងញៀនទាំងបុគ្គលម្នាក់ៗ ទាំងគ្រួសារនីមួយៗ និងទាំងសហគមន៍ក្នុងមូលដ្ឋាន។

សម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តព្រៃវែង បានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាពស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំដោយត្រូវធ្វើការតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងខិតខំស្វែងរកនូវវិធីសាស្ត្រដើម្បីឆ្លើយតប និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ កន្លែងណាមានគ្រឿងញៀន កន្លែងមានចោរលួច ចោរប្លន់ កន្លែងមានខ្យល់ព្យុះ កន្លែងមានពលរដ្ឋមានជីវភាពខ្វះខាត ត្រូវតែក្តាប់ព័ត៌មានឱ្យបានជាប់ ផ្សាភ្ជាប់ជាមួយពលរដ្ឋឱ្យជិតស្និត ហើយចុះទៅតាមមូលដ្ឋានផ្ទាល់ដើម្បីដឹងសុខទុក្ខរបស់ពួកគាត់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ