សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីសម្រេចតាមគោលដៅអនុវត្ត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍គូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ មួយចំនួនដែលត្រូវខិតខំប្រឹងប្រែងរួមគ្នាអនុវត្ត ដើម្បីធានាដល់ការអនុវត្ត កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ដើម្បីធានាដល់ការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២ ឱ្យសម្រេចតាមគោលបំណង និងគោលដៅដែលបានគ្រោងទុក មានដូចខាងក្រោម ៖

ទី១-អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រងការងារកំណែទម្រង់ ក្នុងពេលដែលកំណែទម្រង់ឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ពោលគឺសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈកាន់តែច្រើននឹងត្រូវបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចការដ៏ចាំបាច់គឺ ការបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរវាងថ្នាក់រដ្ឋបាលនីមួយៗក្នុងការរៀបចំគោលនយោបាយ និងការផ្តល់សេវាក្នុងវិស័យនីមួយៗ ដែលបញ្ហាទាំងនេះនៅតែបន្តចោទជាបញ្ហាប្រឈមដ៏សំខាន់មួយមកទល់បច្ចុប្បន្ននេះ ដោយសារតែវាជាទំនាស់រវាងអ្នកបាត់បង់ និងអ្នកទទួលបាននូវសិទ្ធិអំណាច។

ទី២-ពាក់ព័ន្ធនឹងកិច្ចការនេះ ទោះបីនាពេលកន្លងមក រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមថ្នាក់នីមួយៗត្រូវបានកែលម្អជាបណ្តើរៗក៏ដោយ ប៉ុន្តែផ្អែកតាមការវិវត្តនៃស្ថានភាព សង្គមនិងប្រជាសាស្ត្រ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច នគរូបនីយកម្ម និងបច្ចេកវិទ្យា បានតម្រូវឱ្យមានភាពចាំបាច់ក្នុងការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត តាមរយៈការរៀបចំឡើងវិញនូវមុខងារ រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង់ឱ្យស្របតាមប្រភេទ និងចរិតលក្ខណៈនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ សំដៅធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាព សមត្ថភាព និងម្ចាស់ការក្នុងផ្ដល់សេវាជូន ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនមូលដ្ឋាននីមួយៗប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធមសង្គម។

ទី៣-ជាការពិតណាស់ ដើម្បីកសាងស្ថាប័នសាធារណៈមួយឱ្យរឹងមាំ គឺអាស្រ័យទៅលើកត្តាជាច្រើន ដែលក្នុងនោះ ធនធានមនុស្សគឺជាកត្តាដ៏ចាំបាច់ និងសំខាន់បំផុតមួយ។ ធនធានមនុស្សក្នុងន័យនេះ គឺសំដៅទៅលើមន្ត្រីដែលមានជំនាញក្នុងភាពជាអ្នកដឹកនាំ និងជំនាញឯកទេសច្បាស់លាស់ មានក្រមសីល ធម៌វិជ្ជាជីវៈ និងមានឆន្ទៈក្នុងការបម្រើប្រជាជន និងឧត្តមប្រយោជន៍ជាតិ។

ទី៤-ការរៀបចំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់បំពេញការងាររបស់ខ្លួន គឺជាគោលដៅដ៏សំខាន់មួយនៃកម្មវិធីជាតិដំណាក់កាលទី២នេះ ដែលផ្អែកតាម លទ្ធភាពហិរញ្ញវត្ថុ នោះរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ទោះបីមិនអាចមានលទ្ធភាពអភិវឌ្ឍមូលដ្ឋានឱ្យ បានស្មើគ្នា ក៏យ៉ាងហោចណាស់ត្រូវធានាឱ្យបាននូវការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាជន គ្រប់រូបប្រកបដោយសមធម៌។

និងទី៥-នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលត្រូវបាននិងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធគ្រប់គ្រងការងារ ការចែករំលែកព័ត៌មាន និងការប្រាស្រ័យទាក់ទងជាសាធារណៈ។ ទោះយ៉ាងនេះក្តី រដ្ឋបាលថ្នាក់ក្រោមជាតិនៅបំពេញការងារភាគច្រើន ផ្អែកលើប្រព័ន្ធរដ្ឋបាលប្រើប្រាស់ក្រដាសស្នាម និងធ្វើការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដោយការ ជួបមុខគ្នាដោយផ្ទាល់ ដែលជាហេតុធ្វើឱ្យការទទួលសេវា និងការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋនៅ មានភាពយឺតយ៉ាវ និងមានការលំបាក។

លើសពីនេះទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) ដែលបានដឹកនាំ សម្របសម្រួលកិច្ច ដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យមានការវិវឌ្ឍជាជំហានៗ ស្របតាមគោលនយោបាយជាតិ និងឆន្ទៈរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ