សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
March 21, 2022    អ្នកទស្សនា :

នៅរសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការអញ្ជើញចូលរួមពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) និងឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួង-ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល មន្ដ្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត មន្ត្រីបច្ចេកទេស មន្ត្រីជំនាញប្រមាណ ៣០០នាក់ និងអ្នកចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ប្រមាណ ៧.០០០នាក់ រួមមានថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា។

ក្នុងពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណង ដើម្បីបង្ហាញអំពីសមិទ្ធផល និងបញ្ហាប្រឈម នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអំឡុងពេល នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០-២០២០) ព្រមទាំងផ្សព្វផ្សាយអំពីចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផលរំពឹងទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

ជាកិច្ចចាប់ផ្ដើម នៃកម្មវិធី សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍វាយតម្លៃថា កម្មវិធីប្រកាសផ្សព្វផ្សាយនាពេលនេះ គឺជាវេទិកាដ៏មានសារសំខាន់ ដែលបង្កលក្ខណៈឱ្យមានការយល់ដឹងយ៉ាងលម្អិត យ៉ាងទូលំទូលាយ អំពីកម្មវិធីជាតិដំណាក់កាលទី២ នៅក្នុងចំណោមតួអង្គប្របត្តិករសំខាន់ៗ ក្នុងនោះ ក៏ជាកត្តាសំខាន់ នៃការចូលរួមនៅក្នុងការគាំទ្រ ជាទូទៅកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទទួលបានជោគជ័យ ផងដែរ។

សម្ដេចក្រឡាហោម បានបន្ដថា ជាការពិតណាស់ ការរៀបចំ និងការអនុវត្តកំណែទម្រង់នេះ មានការវិវត្តន៍ និងទទួលបានសមិទ្ធផលធំៗជាច្រើន ដោយមានការឯកភាព និងស្រុះស្រួលគ្នា ក្នុងចំណោមស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែដឹកនាំជាគន្លឹះសំខាន់ៗ ដើម្បីតម្រង់ទិសដល់កិច្ចដំណើរកំណែទម្រង់នេះ មានការវិវត្តន៍ជាបន្ដបន្ទាប់ ស្របតាមបរិបទជាក់ស្ដែងរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ មានគោលបំណង លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើក កម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទី ដឹកនាំ និងសម្របសម្រួលកិច្ចដំណើរការជាទូទៅនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវីធីកំណែទម្រង់សំខាន់ៗ ដទៃទៀតរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់។

សម្ដេចតេជោ បានបន្ដថា សមិទ្ធផលនានា នៃកំណែទម្រង់នេះពិតជាមិនអាចសម្រេចបានដោយរលូននោះទេ ប្រសិនបើពុំមានការចូលរួមដោយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានាតាំងពីដំណាក់កាល ដំបូងរហូតមកដល់បច្ចុប្បន្ននេះ។ ជាការពិតណាស់ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការដ្ឋានកំណែទម្រង់ដ៏សំខាន់ មួយក្នុងចំណោមការដ្ឋានកំណែទម្រង់ធំៗនានាពាក់ព័ន្ធនឹងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលជាង៣អាណត្តិកន្លងមកនេះ។

សម្ដេចតេជោ បានបន្ថែមថា កំណែទម្រង់នេះ ផ្តោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើសារធាតុសំខាន់ៗ នៃគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពោលគឺ ភាពជាតំណាងសាធារណៈស្វ័យភាព ការពិគ្រោះយោបល់ និងការចូលរួម ការឆ្លើយតប ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិងសុចរឹតភាព គណនេយ្យភាព និងវិធានការ ប្រឆាំងអំពើពុករលួយ និងរំលោភអំណាច។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ផ្អែកតាមប្រវត្តិសាស្ត្រ នៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ និងស្ថានភាពនៃការផ្លាស់ប្តូររបបនយោបាយនៅកម្ពុជានាពេលកន្លងមក រាជរដ្ឋាភិបាល បានប្រមើលឃើញថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចដំណើរការដែលមានលក្ខណៈសាំញ៉ាំ ស្មុគស្មាញដែលទាមទារឱ្យមានការអនុវត្ត ក្នុងរយៈពេលយូរអង្វែងមួយ។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាល នៅតែមានឆន្ទៈមោះមុត និងច្បាស់លាស់ ក្នុងការសម្រេចជ្រើសរើសយកកំណែទម្រង់នេះមកអនុវត្ត ដើម្បីធានាដល់ការបង្កើតនូវវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលរួមពីប្រជាពលរដ្ឋស្របតាមគុណតម្លៃស្នូលនៃរដ្ឋធម្មនុញ្ញ ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍរសដ្ឋកិច្ចមូលដ្ឋាន សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយ បរិយាប័ន្ន និងសមធម៌សង្គម។

សូមជម្រាបជូនថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១-២០៣០) គឺ “ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ