សម្ដេចក្រឡាហោម ស ខេង ៖ បច្ចុប្បន្ន ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាច តាមបែបវិមជ្ឈការច្រើនជាងវិសហមជ្ឈការ
March 21, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា បើទោះបីជាប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការត្រូវបានអនុវត្តនៅថ្នាក់ឃុំ សង្កាត់ចាប់ពីឆ្នាំ២០០២ ក៏ដោយ ក៏ប៉ុន្តែបែបផែននៃការអនុវត្តការងារនៅថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នៅបន្តអនុវត្តតាមបែបវិសហមជ្ឈការរហូតដល់ឆ្នាំ២០០៩ ទើបមានការពង្រីកកំណទម្រង់នេះទៅថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការផង និងវិសហមជ្ឈការផង តាមរយៈការរៀបចំឱ្យមានការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ នាឆ្នាំ២០០៩។

សម្ដេចក្រឡាហោម បានបន្ដថា ការសម្រេចចិត្តធ្វើកំណែទម្រង់ជាជំហានៗបែបនេះ គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃដំណើរការសា្ថប័នសាធារណៈ និងនិរន្តរភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផង ព្រមទាំងការដកស្រង់នូវមេរៀន បទពិសោធន៍នៃការអនុវត្ត ជាក់ស្តែងផង ដើម្បីជៀសវាងនូវកំហុសឆ្គងណាមួយកើតឡើងដែលយើងមិនអាចគ្រប់គ្រងបាន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា “ដូច្នេះ មកទល់បច្ចុប្បន្ននេះ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស មានទម្រង់ជាវិមជ្ឈការផង និងវិសហមជ្ឈការផង ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាចតាមបែបវិមជ្ឈការច្រើន និងវិសហមជ្ឈការតិចតួច រដ្ឋបាលក្រុង ស្រុក បាន និងកំពុងទទួលនូវមុខងារ និងធនធានតាមបែបវិមជ្ឈការជាបណ្តើរៗ”។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា ដោយឡែករដ្ឋបាលរាជធានី-ខេត្ត ទទួលបានមុខងារ ធនធាន និងសិទ្ធិអំណាចតាមបែបវិសហមជ្ឈការច្រើនជាងវិមជ្ឈការ។ ប្រព័ន្ធនេះ នឹងត្រូវធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដោយជំរុញការ ធ្វើវិមជ្ឈការមុខងារ ធនធាន និងសិទ្ធិអំណាចឱ្យកាន់តែច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដែលកើតចេញពីការបោះឆ្នោត មានភាពម្ចាស់ការ មានការទទួលខុសត្រូវពេញលេញ និងមានគណនេយ្យភាពច្បាស់លាស់ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ