សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ មិនអនុញ្ញាតឱ្យអ្នកទោស ប្រើប្រាស់ទូរសព្ទឡើយ
December 28, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវអនុញ្ញាតឱ្យអ្នកជាប់ទោស ប្រើប្រាស់ទូរសព្ទឡើយ ព្រោះអាចកើតមានឡើងបញ្ហាជាយថាហេតុ និងណែនាំបន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវផ្ដាច់ទំនាក់ទំនងរវាង អ្នកជាប់ពន្ធនាគារ និងអ្នកនៅខាងក្រៅ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចក្រឡាហោម ក៏បានរំលឹកថា តាមបទពិសោធន៍នាពេលកន្លងមក នៅតាមពន្ធនាគារមួយចំនួនពិបាកគ្រប់គ្រង តាមរយៈ ដូចជា ៖ យកបាយម្ហូប ផ្លែឈើ និងរបស់ផ្សេងៗទៀត ហើយលួចដាក់ទូរសព្ទក្នុងរបស់ទាំងនោះ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ព្រោះជួនអី អ្នកនៅក្នុងពន្ធនាគារ បញ្ជាទៅលួច ទៅប្លន់ នៅខាងក្រៅ រួចហើយបញ្ជាទៅរកស៊ីគ្រឿងញៀន នៅខាងក្រៅទៀត បញ្ជាបានទូទាំងប្រទេសតាមទូរសព្ទ នៅណាក៏បញ្ជាបានដែរ ឱ្យតែមានសេវាក្នុងគុកខេត្តកណ្ដាល ប៉ុន្ដែបញ្ជាដល់ស្វាយរៀង ព្រៃវែង កំពង់ចាម កោះកុង ជាដើម»។

សម្ដេចក្រឡាហោម បានបន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញមិនអនុញ្ញាតឱ្យ ប្រើប្រាស់ទូរសព្ទក្នុងពន្ធនាគារឡើយ ប៉ុន្ដែឱ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោម បានណែនាំមន្រ្តីពន្ធនាគារ ត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសាររបស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ ដូច្នេះ ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ទៀតថា «ត្រូវត្រួតពិនិត្យ កុំឱ្យប្រើប្រាស់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទ ឬមិនឱ្យមានសេវាទូរសព្ទ។ ប៉ុន្ដែឱ្យប្រើជាមួយ ឪពុក-ម្ដាយ ដើម្បីសួរទុក្ខយើងជៀសមិនផុត យើងផ្ដាច់ ក៏មិនបានដែរ។ ប៉ុន្ដែយើងគ្រប់គ្រងឱ្យគាត់និយាយអី្វទៅ ហើយថតសំឡេងទុក មិនមែនលុបបំបាត់សេរីភាពនោះទេ ប៉ុន្ដែយើងត្រូវតាមដាន បើខ្លាចបាត់សិទ្ធិ ក៏មិនកើតដែល ព្រោះយើងធ្វើដើម្បីការពារសិទ្ធិ»៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ