អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំចុះធ្វេីសវនកម្មលេីសុចរិតភាព នៃការដំឡេីងឋានន្តរស័ក្ដិរបស់មន្ត្រីនគរបាលជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាពនិងអភិបាលកិច្ច ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំ «ស្តីពីការចាត់តាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចុះធ្វេីសវនកម្មតាមបណ្តារដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោមចំណុះពន្ធនាគាររាជធានី-ខេត្ត មណ្ឌលអប់រំកែប្រែ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងសាលានគរបាលជាតិភូមិភាគ សម្រាប់ការិយបរិច្ឆេទដែលបានកំណត់ និងបណ្តាឆ្នាំពាក់ព័ន្ធ»។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ បានមានមតិស្វាគមន៍ចំពោះ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំដល់គណៈប្រតិភូ ក្នុងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញបេសកកម្មចុះធ្វើសវនកម្មដ៏មានសារសំខាន់នេះ ដើម្បីជាការចូលរួមដ៏មានសារសំខាន់ក្នុងការងារកំណែទម្រង់ស៊ីជម្រៅលើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីឈានទៅសម្រេចបាននូវគោលដៅ គោលបំណង ចក្ខុវិស័យ របស់អគ្គនាយកដ្ឋាន ក្នុងនាមជាសេនាធិការជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារត្រួតពិនិត្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដែលស្ថិតក្រោមឱវាទក្រសួងមហាផ្ទៃ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តផ្តល់អនុសាសន៍ដល់គណៈប្រតិភូទាំងអស់ ក្នុងការត្រូវត្រៀមខ្លួនឱ្យរួចជាស្រេច ទាំងអំឡុងពេលមុនចុះធ្វើសវនកម្ម អំឡុងពេលចុះធ្វើសវនកម្មជាក់ស្ដែង និងក្រោយពេលចុះធ្វើសវនកម្ម ដោយត្រូវត្រៀមជាពិសេសនូវផ្នែកសមត្ថភាពជំនាញសវនកម្ម ការចងក្រងឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់់ដែលពាក់ព័ន្ធ សម្ភារ-មធ្យោបាយគាំទ្រ ផែនការលម្អិត និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវតួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈសវនករ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងត្រូវពង្រឹងសមត្ថភាពជំនាញជាប់ជានិច្ច និងជាដរាប ក្នុងនាមជាសវនករជំនាញវិជ្ជាជីវៈ។

ជាចុងក្រោយឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់របស់គណៈប្រតិភូទាំងអស់ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក និងសូមប្រសិទ្ធពរជ័យបវរសួស្តីនាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២២ ដែលនឹងឈានចូលមកនាពេលឆាប់ៗនេះ សូមប្រកបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយត្រូវរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ