សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទទួលសម្ភារជំនួយ
December 23, 2021    អ្នកទស្សនា :

នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងទទួលនូវអំណោយ និងសម្ភារមួយចំនួយជាជំនួយឧបត្ថម្ភរបស់ក្រសួងនគរបាលវៀតណាម ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានរដ្ឋបាល, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ដើម្បីពិនិត្យ និងទស្សនាសាលមហាស្របរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងទស្សនាជុំវិញបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទស្សនាពីហ្វឹកហ្វឺនរបស់សិក្ខាកាមនគរបាល ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្រោយពីបានអញ្ជើញពិនិត្យ និងទស្សនាអំពីសកម្មភាពរួម និងសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា រួចមក គណៈប្រតិភូនៃប្រទេសទាំងពីរក៏បានបន្តជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធមួយចំនួនថែមទៀត។ ដោយក្នុងនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានសហការយ៉ាងជិតស្និតលើវិស័យអភិវឌ្ឍធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាល និងការងារប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជាដែលនឹងធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ និងបានជម្រាបជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ឯកឧត្តមផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់កម្ពុជារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យទទួលបានជោគជ័យ ដោយផ្អែកលើបទពិសោធន៍កន្លងមកដែលប្រទេសវៀតណាមក៏ធ្លាប់បានទទួលធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២០។

ទន្ទឹមនេះដែរ ដើម្បីចូលរួមអបអរសាទរនូវព្រឹត្តិការណ៍គម្រប់ខួបទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម តូ ឡឹម ក៏បានពិភាក្សាអំពីការរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរនូវទិវាដ៏មានសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

លើសពីនេះទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានគោរពអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ខាងមុខ តាមពេលវេលាសមស្របផងដែរ។ នាឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានប្រគល់ជូននូវអំណោយ និងសម្ភារមួយចំនួន ជូនដល់ក្រសួងមហាផ្ទៃកម្ពុជា ដែលរួមមាន៖ រថយន្ដចំនួន៥គ្រឿង, ម៉ូតូ ចំនួន៥គ្រឿង និងសម្ភារពេទ្យសម្រាប់សង្គ្រោះបន្ទាន់មួយចំនួនទៀត។

ក្នុងការអញ្ជើញទទួលនូវសម្ភារមួយចំនួននេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានទឹកចិត្តសប្បុរសធម៌បាននាំយកនូវអំណោយ និងសម្ភារមួយចំនួននេះជូនដល់ក្រសួងមហាផ្ទៃកម្ពុជានាពេលនេះផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ