សម្ដេចក្រហោម ស ខេង ៖ ប៉ូលីសចរាចរណ៍មានភាពលំបាក ធ្វើការហាលភ្លៀង ហាលក្ដៅ ទោះបីប្ដូរវេនគ្នា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលីសចរាចរណ៍ ពិតជាមានភាពលំបាក ដោយសារពួកគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ ហើយហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ ហើយមានភាពតស៊ូ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្តថា «ប៉ូលីសចរាចរណ៍ គ្នាពិបាកណាស់ ហើយប៉ូលីសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំការ ភ្លៀងផងក៏នៅនឹង ពេលក្ដៅក៏នៅនឹង ហើយមានអ្នកប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹមឃើញថា តស៊ូ»។

សម្ដេចក្រហោម ស ខេង មានប្រសាសន៍ទទួលស្គាល់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា កត្តាផ្លូវខ្វះស្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ បានបង្កជាការលំបាកដល់ការបើកយានយន្ដ បញ្ហាទាំងនេះដោយសារតែខ្វះថវិកា ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ត្រូវដោះស្រាយ ហើយកិច្ចការនៅសេសសល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀត ពីព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ផងដែរ។

សម្ដេចក្រឡាហោម បានពន្យល់បន្ថែមថា បើនៅតាមដងផ្លូវអត់មានស្លាកសញ្ញា នៅពេលប៉ូលីសចរាចរណ៍ទៅចាប់ គេសួរថា មានអ្វីជាសម្អាងមកឃាត់ខ្ញុំ ពីព្រោះផ្លូវនឹងអត់ស្លាកសញ្ញាផង។ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនឹងជំរុញការងារបន្ដទៀត ក្នុងការដាក់ស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ