សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នាឆ្នាំ២០២០ និង២០២១ ទទួលបានលទ្ធផលល្អប្រសើ ទោះបីមានប្រជាពលរដ្ឋមួយចំនួនរិះគន់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ នៅដំណាក់កាលជំងឺកូវីដ-១៩នេះក៏ដោយ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្ម និងសព្វបែបយ៉ាងរបស់មន្ដ្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានបំពេញភារៈកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក, ផ្សព្វផ្សាយអបរំច្បាប់, កសាងជួសជុលកែលម្អស្ថានភាពផ្លូវថ្នល់, សង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ»។ សម្ដេចក្រឡាហោម បានបន្ដថា ជាពិសេស កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីការបាត់បងជីវិត និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ទាំងនេះជាសមិទ្ធផលបន្ទាប់ពីយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ យើងនៅចាំបានថា នៅពេលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់ចេញនូវការដឹកនាំក្នុងការរឹតបន្ដឹងច្បាប់ តាមអនុក្រឹត្យដែលបានធ្វើវិសោធនកម្ម ពេលនោះក៏មានប្រតិកម្ម ចំនួនពីរធំៗ គឺ៖ទីមួយ ប្រតិកម្មអបអរសាទរ និងទីពីរ ប្រតិកម្មមិនគាំទ្រ។ ដោយលើកហេតុផលថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនគួររឹតបន្ដឹងនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពេលផាកពិន័យ ប្រជាពលរដ្ឋមិនមានលុយបង់»។
សម្ដេចក្រឡាហោម ក៏បានចាត់ទុកថា ទាំងនេះក៏ជាយោបល់មួយ ប៉ុន្ដែត្រូវគិតថា បើសិនគោរពច្បាប់ចរាចរណ៍ ថវិកាទាំងឡាយមិនត្រូវបាត់បងឡើយ ហើយការពារអាយុជីវិតរបស់ពួកគាត់បានផងដែរ។ ប៉ុន្ដែផ្ទុយទៅវិញ បើពួកគាត់មិនគោរពច្បាប់ ថវិកាក៏បាត់បង់ ជីវិតក៏បាត់បង់ ឬរងរបួស ជាដើម។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សម្តេច បានយល់ឃើញបែបនេះ ទើបបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ ហើយទទួលបានលទ្ធផលល្អប្រសើរ។
ជាងនេះទៅទៀត ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសង្កេតឃើញថា ប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូនាពេលបច្ចុប្បន្ន ជិត១០០ភារយ បានពាក់មួកការពារ និងពាក់ម៉ាស ដើម្បីការពារនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ និងការពារសុខភាព ជាពិសេស ការពារកូវីដ-១៩ ដូច្នេះការពាក់មួកការពារ និងពាក់ម៉ាស មានសារប្រយោជន៍ខ្លាំងសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ ៖ នាយដ្ឋានព័ត៌មានវិទ្យា