អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំពិភាក្សាឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ជាអគ្គនាយករង លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ កំណត់ចង្កោមសកម្មភាព សកម្មភាពការងារ និងលទ្ធផលរំពឹងទុកឱ្យបានច្បាស់លាស់ សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ សម្រាប់ការអនុវត្តការងារបន្តក្នុងឆ្នាំ២០២២ ឱ្យស្របតាមចក្ខុវិស័យរបស់អង្គភាពដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០១៩-២០២៣) ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានមានប្រសាសន៍បន្តទៀតថា លទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ប្រកបដោយមនសិការ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីតម្កល់នូវឧត្តមប្រយោជន៍ជាតិ។ ហើយឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានកំណត់សម្គាល់ឃើញថា ដោយសារការឆ្លងរាលដាលនៃជំងឺកូវីត-១៩ បានធ្វើឱ្យការអនុវត្តសកម្មភាពការងារឆ្នាំ២០២១ មិនបានពេញលេញទៅតាមការគ្រោងទុក។

ដោយឡែក សម្រាប់ផែនការចុះសវនកម្មនៅក្នុងឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងបន្តចុះធ្វើសវនកម្មលើការគ្រប់គ្រងហិរញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបញ្ជីបុគ្គលិក និងការគ្រប់គ្រងជនជាប់ឃុំ (ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ) ដដែល ទោះបីជាមានការធ្វើវិចារណកម្មចំណាយថវិកាក៏ដោយ ហើយត្រូវតែរក្សាបានសុចរិតភាព សុក្រឹត្យភាព និងឯករាជ្យទៅតាមបទប្បញ្ញត្តិជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសវនករ។ ទន្ទឹមនឹងនេះ ការធ្វើសវនកម្មក៏ត្រូវរៀបចំបែងចែកទៅតាមភូមិភាគដែលបានកំណត់ និងមានឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ជួយពិនិត្យបន្ថែម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ