នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវករណីពាក្យបណ្តឹងសុំអន្តរាគមន៍របស់បុរសជនបរទេសមួយរូប ចោទប្រកាន់មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូប និងគូកនថាបានឃុបឃិតគ្នា ប្រើប្រាស់ឋានៈ និងតួនាទីក្នុងការរៀបចំធ្វើពាក្យបណ្តឹងមិនពិត ប្រឆាំងនឹងរូបលោកជាជនរងគ្រោះ និងប្រើប្រាស់កិច្ចអន្តរាគមន៍ជ្រៀតជ្រែកដាក់សម្ពាធទៅលើស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអគ្គាធិការ បានណែនាំមន្ត្រីដែលចុះអង្កេតស្រាវជ្រាវត្រូវយកចិត្តទុកដាក់ដោយអង្កេតឱ្យចំគោលដៅនៃកម្មវត្ថុពាក្យបណ្តឹង និងវាយតម្លៃលទ្ធផលរបាយការណ៍ដោយផ្អែកភស្តុតាង សាក្សី និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន៕
ប្រភព៖ អគ្គាធិការដ្ឋាន