សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
December 15, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ សម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) មានទីតាំងស្ថិតនៅលើផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាពេលព្រឹកនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រសួង-ស្ថាប័នជាតិ និងក្រុមប្រឹក្សា អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានធ្វើរបាយការណ៍សង្ខេបអំពី សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអង្គពិធីទាំងមូលថា វត្តមានសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែក ក្នុងការនាំមកនូវកំណើនភ្ញៀវទេចរណ៍តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងធុរកិច្ចជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងរចនាបថសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីសន្លាង ហើយសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងក្លាយទៅជាទិសដៅទេសចរណ៍ និងកន្លែងស្នាក់នៅរបស់ភ្ញៀវធុរកិច្ចជាតិ និងអន្តរជាតិ ដ៏ពេញនិយម ដែលលេចធ្លោនៅចំកណ្តាលរាជធានីភ្នំពេញ។

អ្នកឧកញ៉ា លាង ឃុន បានបន្តថា សណា្ឋគារមួយនេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់ការរស់នៅបែបទាន់សម័យស៊ីវិល័យ ដូចប្រទេសផ្សេងៗ ស័ក្តិសមទៅនឹងការវិវឌ្ឍ និងការប្រសើរឡើងជាងមុន នៃជីវភាពរបស់ប្រជាពលនៅក្នុងប្រទេសកម្ពុជា នេះឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច និងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋគ្រប់រូប ស្របពេលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ។

ក្រោយបញ្ចប់ធ្វើរបាយការណ៍សង្ខបពី អ្នកឧកញ៉ា លាង ឃុន រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នេះ ក៏ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលដែលសង្គមជាតិទទួលបាន។ សម្ដេចអគ្គមហាសេនាបតីតេជោ បន្ដថា ទោះបីសមិទ្ធផលថ្មីមួយនេះ ជារបស់ក្រុមហ៊ុនឯកជនក៏ដោយ ក៏បានជួយដោះស្រាយបញ្ហាសង្គមជាតិរបស់កម្ពុជាដែរ ដូចជា៖ ពលរដ្ឋមានការងារធ្វើ, ពន្ធដារ, បម្រើវិស័យទេសចរណ៍ និងផ្នែកដទៃទៀត។

លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធផលថ្មីមួយនេះ ហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានការវិនិយោគដោយ ក្រុមហ៊ុន ជីប ម៉ុង។

សូមជម្រាបជូនថា សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាការវិនិយោគរបស់ ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់ ហើយជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មាន២៤៧បន្ទប់ ផ្ដល់នូវបទពិសោធន៍ស្នាក់នៅយ៉ាងល្អឥតខ្ចោះ និងមានការរៀបចំជាច្រើនទៀត។

លើសពីនេះទៀត វត្តមានសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរកិច្ចជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជាផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ