ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិស្នេរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

ព្រឹកថ្ងៃសៅរ៍ទី១១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្នេរាន ឃុំបឹងព្រះ នៅវត្តស្នេរាន។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំ បានដាក់ចេញវិធានការជាបន្តបន្ទាប់ ជាពិសេសបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានភាគច្រើន ដែលផ្តល់ឱកាសឲ្យយើងអាចជួបជុំគ្នាឡើងវិញ និងបើកដំណើរការប្រទេសឡើងវិញ ចំពោះមេរោគកូវីដ១៩ថ្មី អូមីក្រុង មិនទាន់ចោទបញ្ហានៅឡើយទេសម្រាប់ប្រទេសយើង តែយើងនៅតែបន្តប្រកាន់ខ្ជាប់អនុវត្តវិធានការ ៣កុំ ៣ការពារ។ ឯកឧត្តមបន្ថែមទៀតថា សូមបងប្អូនទាំងអស់បន្តគាំទ្រ ជឿជាក់ និងបោះឆ្នោតជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេស ការពារសុខាមាលភាព សុវត្ថិភាព និងសន្តិភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងមានការងារសង្គមកិច្ច ការអភិវឌ្ឍន៍ឃុំ បញ្ហាហឹង្សាគ្រួសារ បញ្ហាគ្រឿងញៀន និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាសំណូមរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងមានករណីទំនាស់ដីធ្លី និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ក្រោយពីចប់កម្មវិធីសំណេះសំណាលមក ឯកឧត្តម អមដំណើរដោយក្រុមការងារ បានអញ្ជើញជាអធិបតីប្រគល់កុំព្យូទ័រ(Desktop)ចំនួន១០គ្រឿងដល់វិទ្យាល័យបឹងព្រះ ដែលជាអំណោយរបស់ក្រុមហ៊ុនTP MORAL GROUP CO.,LTD ។ក្នុងពេលនោះ ឯកឧត្តមបានណែនាំលោកនាយកសាលា ឱ្យមានការជម្រុញសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបាននិទ្ទេសល្អ ជាពិសេសថ្នាក់ទី១២ ដោយមានរង្វាន់ផ្តល់ជាការលើកទឹកចិត្ត សិក្សាលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីកុំព្យូទ័រដល់សិស្សានុសិស្ស ពិនិត្យសៀវភៅដែលជាតម្រូវការសម្រាប់ដាក់ក្នុងបណ្ណាល័យ សិក្សារៀបចំកាលវិភាគពលកម្មស្ម័គ្រចិត្តដើម្បីសម្អាតទីធ្លាបរិវេណសាលា សិក្សាជួសជុលបង្អួចថ្នាក់រៀនលាបពណ៍ថ្នាំថ្នាក់រៀន របងសាលា សិក្សារៀបចំសួនក្នុងបរិវេណសាលា និងសិក្សាទីតាំងដាំដើមឈើដើម្បីលើកកំពស់សោភ័ណភាពសាលា ក្នុងពេលជួបផ្ទាល់ឱកាសនេះ ឯកឧត្តមបានជូនកូនក្រញូងចំនួន៥០០ដើម ជាដំណាក់កាលដំបូង និងបន្តផ្តល់ជូនប្រភេទកូនឈើដទៃមួយចំនួនជាដំណាក់កាលៗនាពេលក្រោយទៀត៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ