សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង

នាព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្រុមប្រឹក្សា អភិបាលខេត្ត អាជ្ញាធរក្នុងមូលដ្ឋាន លោកគ្រូ -អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

នាឱកាសនេះ សម្តេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក៏បានប្រារព្ធធ្វើពិធីសែនក្រុងពាលីតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរពីបុរាណ ដោយបានរៀបចំនូវគ្រឿងសក្ការបូជា មានៈ ទៀន ធូប ផ្កាភ្ញី ប្រដាប់ប្រដារផ្សេងៗ បូជាចំពោះគុណព្រះរតនត្រៃ គុណកែវទាំង៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទសបារមីដែលថែរក្សាទឹកដី ភូមិករ និងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំនូវសេចក្តីសុខ សេចក្តីចម្រើនដល់ដំណើរការសាងសង់អគារសិក្សា ១ខ្នង ជូនដល់វិទ្យាល័យព្រះមុនីវង្ស ឱ្យប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុវត្ថិភាព ព្រមទាំងគ្មានឧបសគ្គជានិច្ច ព្រមទាំងបាននិមន្តព្រះសង្ឃចម្រើននូវព្រះបរិត្តស្វាធ្យាយ ជយន្ដោ ប្រោះព្រំដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាជ័យមង្គលដ៏ឧត្តុង្គឧត្តមផងដែរ។

ជាមួយគ្នានេះ បន្ទាប់ពីប្រារព្ធពិធីក្រុងពាលី និងសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តី សេចក្តីចម្រើនរួចមក សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញធ្វើពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះ ដោយក្នុងនោះ ក៏បានបន្តរៀបចំនិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រំដុំសីមា ព្រមទាំងធ្វើពិធីដង្ហែដុំសីមា និងកាត់ឫសសីមាដាក់ចូលក្នុងរណ្ដៅគ្រឹះជានិមិត្តរូបសម្រាប់ការងារចាប់ផ្តើមដំណើរការសាងសង់។ បន្ទាប់ពីពិធីបញ្ចុះដុំសីមាចូលក្នុងរណ្តៅគ្រឹះរួចមក សម្តេច ក៏បានបន្តអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចុចប៊ូតុងបញ្ជាគ្រឿងចក្រ ចាប់ផ្ដើមសាងសង់អាគារសិក្សានេះ ជាផ្លូវការចាប់ពីពេលនេះតទៅ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពិតជាមានសេចក្ដីរីករាយដោយមានឱកាសបានជួបជាមួយ ឯកឧត្តម-លោកជំទាវ លោកគ្រូ-អ្នកគ្រូ នៅក្នុងក្រុងបាត់ដំបង នាពេលនេះ ដើម្បីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នងនេះ សម្រាប់បំពេញតម្រូវការចាំបាច់ នៅក្នុងវិទ្យាល័យព្រះមុនីវង្ស។ សម្ដេចក្រឡាហោម បានរំលឹកថា តាមសំណើសាងសង់អគារសិក្សា ១ខ្នងនេះ លោកនាយក និងនាយករង នៃវិទ្យាល័យព្រះមុនីវង្ស បានដាក់ជូនអាជ្ញាធរខេត្ត តាំងពីសម័យ ឯកឧត្តម ងួន រតនៈ អតីតអភិបាល នៃអភិបាលខេត្តបាត់ដំបង ដែលបច្ចប្បន្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា បន្ទាប់មកទៀត សម្ដេច ទទួលយកសំណើទាំងនេះដើម្បីពិនិត្យ និងសាងសង់ ប៉ុន្ដែដោយសារស្ថានភាពជំងឺកូវីដ-១៩ រាតត្បាត ដូច្នេះហើយ ត្រូវបានពន្យារនៃការសាងសង់អគារសិក្សាថ្មីនេះ រហូតដល់ពេលបច្ចុប្បន្ន ប៉ុន្ដែក៏មិនទាន់យឺតពេលដែរ ក្នុងរយៈពេលកូវីដ-១៩ ក៏ស្វែងរកការគាំទ្រ និងការចូលរួមពីសប្បុរជនជាថវិកា ដើម្បីយកមកសាងសង់អាគារសិក្សាថ្មីនេះផងដែរ។

ចំពោះបញ្ហាជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ទាំងស្រុងឡើយ ប៉ុន្ដែបានធូរស្បើយបើប្រៀបធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជា ប្រទេសដែលមានព្រំដែនជាប់ជាមួយកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានជាប់ជានិច្ចនូវវិធានការ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ៣ការពារ-៣កុំ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ