សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
December 10, 2021    អ្នកទស្សនា :

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ។

ជាកិច្ចចាប់ផ្ដើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន របស់លោកស្រី Maryam Salim ដែលទើបត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា។ ផ្អែកលើបទពិសោធន៍ការងាររបស់លោកស្រី សម្តេចក្រឡាហោម បានមានប្រសាសន៍ថា សម្តេច ជឿជាក់ថាកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយកម្ពុជានិងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងបរិបទដែលពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាកំពុងដោះស្រាយនូវវិបត្តិសេដ្ឋកិច្ចដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងដាក់ចេញនូវរាល់វិធានការចាំបាច់នានា នៅក្នុងក្របខណ្ឌសេដ្ឋកិច្ច និងសុខាភិបាលដើម្បីធានាបាននូវការគាំទ្រទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលជួបនូវការលំបាក និងដើម្បីការពារដល់សុវត្ថិភាពប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម បានសម្តែងនូវការអរគុណដល់ធនាគារពិភពលោក ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយភាពបត់បែន និងភាពជាដៃគូក្នុងការអនុវត្តគម្រោងគាំទ្រនានាក្នុងអំឡុងពេលដែលកម្ពុជាជួបវិបត្តិកូវីដ១៩ និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះគម្រោងនានាដែលធនាគារពិភពលោក បានកំពុងជួយគាំទ្រដល់ការលើកកម្ពស់អភិបាលកិច្ចនៅកម្ពុជា ជាពិសេសគម្រោងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថានាពេលកន្លងមកកម្ពុជាបានបញ្ចប់នូវគម្រោង៣ដែលមានការគាំទ្រដោយធនាគារពិភពលោក ដែលទី១គឺគម្រោងកែលម្អរដ្ឋបាលមូលដ្ឋាននៅកម្ពុជា(PILAC) ទី២ ដែលបានផ្តល់ហិរញ្ញប្បទានវិនិយោគដល់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៣ដល់ឆ្នាំ២០១០ ទី២គឺគម្រោងអភិបាលកិច្ចល្អ( DFGG) ដែលបានផ្តល់ហិរញ្ញប្បទានវិនិយោគពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ និងទី៣គម្រោងសម្បទានសង្គមពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦។ ហើយសម្រាប់គម្រោងដែលកំពុងបន្តជាមួយធនាគាពិភពលោក ទី១មានគម្រោងការគាំទ្រគណនេយ្យភាពសង្គម ទី២ មានគម្រោងអាហារូបត្ថម្ភកម្ពុជា ទី៣គម្រោងការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣(LASED III) និងទី៤គម្រោងលើកកម្ពស់ ជីវភាពប្រជាជនក្រីក្រ (LEAP)។

លើសពីនេះទៀតសម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា នេះជាលទ្ធផលជាក់ស្តែង ដែលធនាគារពិភពលោកបានជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយសម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់កិច្ចសហប្រតិបត្តិការនេះ។

ជាការឆ្លើយតបលោកស្រី Maryam Salim បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានយ៉ាងល្អ។ បើទោះបីជាកូវីដ១៩បានធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ក៏រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការផ្សេងៗ ជាពិសេសការផ្តល់វ៉ាក់សាំងដល់ពលរដ្ឋដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើង។

លោកស្រីក៏បានលើកឡើងនូវគម្រោងថ្មីរបស់ធនាគារពិភពលោក ទាក់ទងទៅនឹងការគ្រប់គ្រងកាកសំណល់រឹងនៅមូលដ្ឋានដែលស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់នៅឡើយទាមទារឱ្យមានការគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពីក្រសួងមហាផ្ទៃ ដើម្បីធ្វើឱ្យគម្រោងនេះទទួលបានជោគជ័យ។ ជាមួយគ្នានេះលោកស្រីចង់បាននូវមតិយោបល់បន្ថែមពីសំណាក់សម្តេចក្រឡាហោម ដើម្បីឱ្យគម្រោងនេះកាន់តែមានប្រសិទ្ធភាព។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រី សម្តេចក្រឡាហោម បានជម្រាបជូននូវបទពិសោធន៍កន្លងមកដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងផែនការផ្សេងៗដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ធនាគារពិភពលោក ចំពោះជោគជ័យនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ១៩ ហើយសម្តេច ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពុំទាន់ដាក់ផែនការជាក់លាក់នៅឡើយទេដោយសារកូវីដ១៩ នៅមិនទាន់បញ្ចប់នៅឡើយ។ បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានលើកឡើងពីកំណែទម្រង់ផែនការវិមជ្ឈការ និងវិសហមជ្ឈការ ដែលគម្រោងនេះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ដំណាក់កាលទី១រួចហើយដោយកំពុងបន្តដំណាក់កាលទី២ ហើយកម្ពុជាគ្រោងធ្វើការផ្សព្វផ្សាយដើម្បីគៀងគរការគាំទ្រពីមជ្ឈដ្ឋាននានាបន្ថែមទៀតផងដែរ។

ចុងបញ្ចប់នៃជំនួបដ៏មានសារសំខាន់នេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ចំពោះការចូលរួមចំណែករបស់ធនាគារពិភពលោក និងជឿជាក់យ៉ាងមុតមាំថាបេសកកម្មការងាររបស់លោកស្រីនឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោកឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ