សម្ដេចក្រឡាហោម ស ខេង អញ្ជើញអមដំណើរសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជដំណាក់ ស្ថិតនៅតាមបណ្តោយវិថីសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា នៅសាធារណរដ្ឋបារាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះរោគាពាធ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទ្រង់បានប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក៏បានថ្វាយសាររំលែកមរណទុក្ខជូនចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផងដែរ។

ជាមួយគ្នានោះ ក្នុងខ្លឹមសាររំលែកមរណទុក្ខនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា សម្រាប់ការយាងសោយព្រះទិវង្គតរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជាការបាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ