សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រសួង ស្ថាប័នជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រុមប្រឹក្សា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង ជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីទាំងមូល ថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

ឯកឧត្តម បានបន្ដថា ផ្លូវជាតិលេខ១១នេះ នឹងក្លាយជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ សម្រាប់ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងអ្នកទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗ ជាច្រើនរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារ អន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ ឯកឧត្តម បានបន្ថែមថា ផ្លូវនេះត្រូវបានចាត់ទុកថា ជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកស្តុភារកម្មនៅកម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មផ្ទៃក្នុង និងតំបន់។

នាឱកាសនោះ ឯកឧត្តម វ៉ាង វិនធៀន បានសម្ដែងអំណរសាទរយ៉ាងកក់ក្តៅបំផុត និងសូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះក្រុមការងារបច្ចេកទេសជំនាញវិស្វកម្មទាំងពីរប្រទេស ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងសមិទ្ធផលនៃគម្រោងមួយនេះ។ ឯកឧត្តម បានបន្ដថា កម្ពុជាមានសុភាសិតមួយតែងពោល ថា «មានផ្លូវ មានក្តីសង្ឃឹម» រីឯចិន ក៏មានសុភាសិតមួយតែងពោលថា «ចង់មាន ត្រូវសង់ផ្លូវជាមុន» នេះបានបង្ហាញយ៉ាងច្បាស់អំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចរាចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសជាតិ។

ឆ្លៀតឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការសម្ពោធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នាពេលនេះ បានស្ដែងឱ្យឃើញពីការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏បង្ហាញអំពីសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន។

ជាងនេះទៅទៀត សម្តេចតេជោ បានថ្លែងការកោតសរសើរចំពោះ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្ម រួមជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលផ្លូវជាតិលេខ១១នេះឡើង ដើម្បីបម្រើប្រជាពលរដ្ឋទូទាំងប្រទេស។

សូមជម្រាបជូនថា ផ្លូវជាតិលេខ១១នេះមានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង ចំណុចប្រសព្វផ្លូវជាតិលេខ១ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ខេត្តត្បូងឃុំ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយចំណាយរយៈពេលសាងសង់ ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅចុង ឆ្នាំ២០២០។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ