សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ
December 02, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាពេលនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រសួង-ស្ថាប័នជាតិ និងក្រុមប្រឹក្សា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអង្គពិធីទាំងមូល ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបន្ថែម ចំនួន៣ខ្សែទៀត ដូច្នេះ ខ្សែផ្លូវទាំងអស់មានចំនួន ៣៧ខ្សែ មានប្រវែងសរុប ៨៤ ០៦៥ម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១ ៤៧០ ៥១១ម៉ែត្រក្រឡា និងចែកវិថី ជា៣ប្រភេទ គឺ ៖ មហាវិថី, វិថី និងអនុវិថី ក្នុងនោះ មហាវិថីមានចំនួន ៣ខ្សែ វិថី ចំនួន១៧ខ្សែ និងអនុវិថី ចំនួន១៧ខ្សែ។

ក្រោយបញ្ចប់របាយការណ៍របស់ ឯកឧត្តម ជា សុផារ៉ា រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលផ្លូវ និងរចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុមានពេលនេះ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា។

សម្តេចតេជោ បានបន្ដថា ក្នុងចក្ខុវិស័យកសាងផ្លូវនេះ មិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងផ្លូវជាលំហរសាធារណៈប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌, ផ្លូវនៃការជំរុញកំណើនសេដ្ឋកិច្ច, ផ្លូវនៃការលើកកម្ពស់គុណភាពនគរូបនីយកម្ម និងភាពធន់មាំទាក់ទងអាកាសធាតុ និងបរិស្ថាន សក្តិសមជាទីក្រុងទំនើបមានផាសុខភាពសម្រាប់ការរស់នៅទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២កន្លែង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។ ការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ គឺក្នុងគោលបំណង ប្រែក្លាយទីក្រុងមួយនេះឱ្យមានគុណភាពពិតប្រាកដ ទាក់ទាញការវិនិយោគ ហើយមានការអភិវឌ្ឍប្រកួតប្រជែងជាមួយទីក្រុងជាច្រើនទៀតក្នុងតំបន់។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការស្ថាបនាផ្លូវ ទាំង ៣៧ខ្សែនេះ ក្នុងរយៈពេលកំណត់ ៨ខែ ឱ្យរួចរាល់ជាស្ថាពរដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋាន ផ្លូវក្នុងគម្រោងអភិវឌ្ឍនេះ ត្រូវបានសិក្សាកំណត់បែងចែកឋានានុក្រមផ្លូវជា៣ប្រភេទ ស្របតាមតំបន់នគរូបនិយកម្មក្នុងក្រុង តំបន់ជាយក្រុង តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាមួយការកំណត់លក្ខណៈបច្ចេកទេសសាងសង់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ