សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
November 25, 2021    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ ត្យូ ឡេឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ដល់លោកជំទាវ ដែលទើបទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍សូមចូលរួមចែករំលែកនូវការលំបាករបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេស ហើយក៏បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានកំពុងតែធ្វើការងារយ៉ាងសកម្មមិនខុសគ្នានោះទេ ក្នុងការប្រយុទ្ធទៅនឹងជំងឺរាតត្បាតនេះ ព្រមទាំងបានកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋ និងដាក់ឱ្យអនុវត្តនូវវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់។

លើសពីនេះទៀត សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ក្នុងនាមជាសមាជិករាជរដ្ឋាភិបាលមួយរូប និងក្នុងនាមជាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ សូមសម្តែងនូវការស្វាគមន៍ហើយសង្ឃឹមថា អណត្តិការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកបន្តពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាប្រទេសទាំងពីរឱ្យកាន់តែរីចម្រើនថែមទៀត។

ជាការឆ្លើយតប លោកជំទាវ ត្យូ ឡេឆេង ក៏បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ដែលបានផ្តល់ឱកាសអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម បើទោះបីជាមានធុរៈផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។ លោកជំទាវ ក៏បានជម្រាបជូនសម្តេចថា ក្នុងជំនួបនាពេលនេះ លោកជំទាវ មានគោលបំណងចំនួន២ ដោយទី១ គឺលោកជំទាវសូមណែនាំខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាថ្មី និងទី២ ក្នុងគោលបំណងជួបពិភាក្សាជាមួយសម្តេចក្រឡាហោម ពាក់ព័ន្ធទៅនឹងកិច្ចការងារផ្សេងៗដែលលោកជំទាវអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកជំទាវបានមានប្រសាសន៍ជម្រាបជូនសម្តេចទៀតថា លោកជំទាវ ក៏បានដឹងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យអនុវត្តច្បាប់នាពេលកន្លងមក ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ ហើយកម្ពុជានៅឆ្នាំ២០២២ខាងមុខនេះ នឹងទទួលធ្វើជាប្រធានអាស៊ាន ហើយនៅក្នុងនោះផងដែរ ក្រសួងមហាផ្ទៃ ក៏ជាស្ថាប័នមួយដែលដឹកនាំលើការងារ SMART CITY ក្នុងឆ្នាំ២០២២ដែរ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថា ជាការពិតនៅក្នុងឆ្នាំ២០២២ខាងមុខនេះ សម្តេចក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន និងជាប្រធានកិច្ចប្រជុំដឹកនាំការងារពាក់ព័ន្ធនឹងSMART CITY នេះ ហើយសម្តេចបានជម្រាបជូនលោកជំទាវវិញថា សម្តេចនិងប្តេជ្ញាចូលរួមចំណែកគ្រប់លទ្ធភាពក្នុងការធ្វើយ៉ាងណាសម្របសម្រួលដំណើរការនៃកិច្ចការសំខាន់ៗទាំងពីរនេះឱ្យទទួលបានជោគជ័យបម្រើដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាបម្រើដល់ផលប្រយោជន៍របស់សហគមន៍អាស៊ានទាំងមូល។

ក្រៅពីនេះសម្តេចក្រឡាហោម បានមានប្រសាសន៍បន្តទៀតថា កន្លងមក ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី ធ្លាប់មានការចុះអនុស្សារណៈយោគយល់ជាមួយគ្នា តែអនុស្សារណៈនោះក៏បានផុតសពុលភាពរួចទៅហើយ តាមរយៈលោកជំទាវ សម្តេចក្រឡាហោម ស ខេង ស្នើឱ្យសិង្ហបុរីពិនិត្យលទ្ធភាពក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តការតាមរយៈការចុះនូវអនុស្សារណៈយោគយល់គ្នាបន្តទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តការលើវិស័យអនុវត្តច្បាប់បន្ថែមទៀត ព្រោះកិច្ចសហប្រតិបត្តការនេះនឹងរួមចំណែកក្នុងកិច្ចការការពារប្រជាជននៃប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធនឹងការស្នើសុំរបស់សម្តេចក្រឡាហោម លោកជំទាវ ក៏បានថ្លែងនូវអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះសម្តេចក្រឡាហោម លើការស្នើសុំឱ្យរៀបចំមានការពិនិត្យលទ្ធភាពឡើងវិញក្នុងការបន្តចុះអនុស្សារណៈយោគយល់គ្នា ដែលបានចុះកន្លងមក ហើយលោកជំទាវ នឹងពាំនាំនូវប្រសាសន៍របស់សម្តេច ជូនទៅក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងជម្រាបជូនសម្តេចវិញនូវលទ្ធផលនៅពេលក្រោយ។

ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ឱ្យទទួលបាននូវជោគជ័យក្នុងបេសកកម្មការទូតនៅប្រទេសកម្ពុជា ក្នុងនោះសម្តេចក្រឡាហោម ក៏បានមានប្រសាន៍ជម្រាបជូនថា សម្តេចនិងត្រៀមខ្លួនជានិច្ចក្នុងការបន្តជួបពិភាក្សាលើការងារផ្សេងៗក្នុងអណត្តិការងាររបស់លោកជំទាវ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ