សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី ស្ដីពីការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ជូលបទពិសោធន៍ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២ នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន
November 22, 2021    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូពីចម្ងាយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី ស្ដីពីការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ-ការបញ្ជូលបទពិសោធន៍ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២ នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា បានរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ក្នុងនោះ ក៏មានផលប៉ះពាល់លើលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការរក្សាការផ្តល់សេវា និងមុខងារអនុវត្តជាប្រចាំ នៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានផងដែរ។ ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានបន្ដថា នៅក្នុងបរិបទដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គមទាំងគុណភាព និងវិសាលភាព ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ ខិតខំទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការពង្រឹងសមត្ថភាពព្យាបាល គួបផ្សំនឹងការដាក់ចេញនូវវិធានការអន្តរាគមន៍នៅក្នុងផ្នែកសង្គម សេដ្ឋកិច្ច សំដៅជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។ សម្ដេចក្រឡាហោម បានបញ្ជាក់បន្តថា យុទ្ធសាស្ត្រ និងវិធានការគួបផ្សំខាងលើ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ភាពអនុគ្រោះ សម្រាប់ការបន្តនិរន្តរភាពនៃការចុះបញ្ជីព្រឹត្តិការណ៍ជីវិត នេះជាការឆ្លើយតបរបស់កម្ពុជាចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អាចស្តារឡើងវិញបានយ៉ាងឆាប់រហ័ស និងបន្តដំណើរការបាន។ ជាងនេះទៀត កម្ពុជាកំពុងតែអនុវត្តនូវការផ្ដួចផ្ដើមមួយចំនួនដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦ ក្នុងគោលបំណងជួយដល់ប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។

សម្ដេចក្រឡាហោម បានបន្ថែមទៀតថា កម្ពុជានឹងវិនិយោគ លើប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចចុះបញ្ជីតាមរយៈវេបសាយ និងបច្ចេកវិទ្យាទូរស័ព្ទ និងកំណត់អំពីការកែសម្រួលរបៀបរបបការងារដែលនឹងសម្របសម្រួលដល់ការផ្តល់សេវា និងការចុះបញ្ជីអត្រានុកូលដ្ឋាន។

សូមរំលឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី តាមប្រព័ន្ធវិដេអូពីចម្ងាយ នារសៀលនេះ ដោយមានការអញ្ជើញដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្នុងកិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង។ ហើយជាមួយគ្នានោះដែរ លោកជំទាវ អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ក៏បានបញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ក្នុងឱកាសគោរពអញ្ជើញសម្តេចថា គឺធ្វើឡើងដើម្បីជំរុញឱ្យប្រទេសនានា ដែលបានចូលរួមធ្វើការបង្ហាញបទពិសោធន៍ពីកិច្ចខំប្រែងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងកិច្ចការងារអត្រានុកូលដ្ឋាននេះ។

សូមជម្រាប់ជូនថា កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រី តាមប្រព័ន្ធវិដេអូពីចម្ងាយ នារសៀលនេះ រៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ហើយក៏មានការអញ្ជើញចូលរួម និងសម្របសម្រួលពីលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាប្រទេស រដ្ឋជាសមាជិក នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក United Nations Economic and Social Commission for Asia and the Pacific (ESCAP) ដែលរួមមាន៖ រដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីអង់គ្លេស, រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឡាវ, រដ្ឋលេខាធិការ ក្រសួងសុខាភិបាលម៉ាល់ឌីវ និងរដ្ឋជាសមាជិកមួយចំនួនទៀតផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ