ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក តហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងផ្តល់ជំនួយឧបត្ថម្ភជាគ្រឿងបរិភោគឧបភោគ និងសម្ភារមួយចំនួនទៀត ដើម្បីចូលរួមក្នុងយុទ្ឋនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សូមជម្រាបជូនថា ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ផ្ដល់ជូន នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលនេះរួមមាន ៖ អង្ករ ចំនួន១០តោន, អាល់កុល ចំនួន១ពាន់លីត្រ និងម៉ាស់ ចំនួន២៥០ប្រអប់ ដើម្បីប្រើប្រាស់បម្រើឱ្យការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-២៩ និងចូលរួមចំណែកជួយរំលែកដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជួបប្រទះការខ្វះខាត។
ក្នុងជំនួបនោះដែរ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ ក៏បានចាត់ទុកថា «សមានចិត្តដ៏សប្បុរសរបស់ សមាគមប្រភពល្អកម្ពុជា ស្ដែងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការរួមចំណែកមួយដ៏មានសារៈសំខាន់ជាមួយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការគំរាមកំហែងមកលើសុខភាពសាធារណៈ និងការលើកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា