ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន
November 03, 2021    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន តាមរយៈប្រព័ន្ធវិដេអូសន្និសីទ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បី ពិនិត្យ និងពិភាក្សាទៅលើវឌ្ឍនភាពរបាយការណ៍របស់ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំកាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២១ និងដោយទទួលបានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យក្រុមការងាររៀបចំកិច្ចប្រជុំពិនិត្យបន្តលើវឌ្ឍនភាពនៃក្រុមការងាររបស់អគ្គនាយកដ្ឋាននីមួយៗ និងបន្តធ្វើកិច្ចការប្រមូលចង់ក្រងរៀបចំឯកសារពាក់ព័ន្ធជាបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានមួយចំនួនចំណុះក្រសួងមហាផ្ទៃ បានរៀបចំយន្តការក្រុមការងារនេះរួចរាល់អស់ហើយដើម្បីចូលរួមប្រមូលចង់ក្រងឯកសារ និងការងារពាក់ព័ន្ធរបស់អង្គភាពខ្លួន យកបញ្ចូលជាមួយក្រុមការងារក្រសួង ប៉ុន្តែក៏នៅមានអគ្គនាយដ្ឋានមួយចំនួនទៀតមិនទាន់មានយន្តការនេះនៅឡើយ។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំដល់អគ្គនាយកដ្ឋានទាំងអស់ឱ្យរៀបចំក្រុមការងារតាមអង្គភាពរបស់ខ្លួនឱ្យបានឆាប់ ដើម្បីឱ្យមានការចូលរួមពីគ្រប់អង្គភាព និងធ្វើឱ្យឯកសារមានប្រភពច្បាស់លាស់ សម្រាប់ដាក់បញ្ចូលគ្នាក្នុងរបាយការណ៍រួមរបស់ក្រសួងមហាផ្ទៃ ដោយ ឯកឧត្តម បានគូសបញ្ជាក់ថា បេសកកម្មក្រុមការងារនេះ ត្រូវធ្វើការប្រមូលយកសាវតាររឿង និងឯកសារពាក់ព័ន្ធដែលនៅរាយប៉ាយ ដើម្បីចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ដោយធ្វើចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានជាទម្រង់ជាសមិទ្ធផលរួមដែលមានភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីលទ្ធផលនៃវឌ្ឍនភាពរបស់ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ថា ដោយផ្នែកលើស្មារតីនៃកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបន្តខិតខំរៀបចំចងក្រងប្រមូលឯកសារពាក់ព័ន្ធនានាដែលបានមកពីអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ហើយក្នុងនេះ អគ្គលេខាធិការដ្ឋាន ក៏បានរៀបចំជាសេចក្តីព្រាងបឋមមួយចំនួនជាបណ្តើរៗផងដែរ និងជាមួយគ្នានេះអគ្គលេខាធិការដ្ឋាន និងបន្តខិតខំសិក្សាស្រាវជ្រាវប្រមូលពីអង្គភាពពាក់ព័ន្ធនានាបន្ថែមទៀត។

ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានមានមតិបូកសរុប ដោយវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំប្រមូលចងក្រងរៀបចំសមិទ្ធផលការងារនានារបស់ក្រសួងមហាផ្ទៃ ដែលធ្វើឱ្យលទ្ធផលមានវឌ្ឍនភាពទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ឯកឧត្តម បានផ្តល់មតិដឹកនាំថា ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនេះ មានភារកិច្ច សិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ព្រឹត្តិបត្រ ឯកសារ របាយការណ៍ កំណត់ហេតុ លិខិតស្នាមផ្សេងៗ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធនានា ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន និងបានលើកទិសដៅអនុវត្តបន្ត ដោយឯកឧត្តម បានណែនាំឱ្យក្រុមការងារបន្តខិតខំសិក្សាស្រាវជ្រាវពីសមិទ្ធផលរបស់ក្រសួងមហាផ្ទៃ ដើម្បីឱ្យសម្រេចបានជោគជ័យលើការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ បានជាសមិទ្ធផលរួមជាទស្សនវិស័យវែងឆ្ងាយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ