ឯកឧត្តម ប៊ុន ហុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋមានជីវភាពក្រលំបាកនៅឃុំធិបតី និងឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៊ុន ហុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពលំបាកក្នុងពេលនៃវិបត្តិមេរោគកូវីដ-១៩ ចំនួន ២០គ្រួសារនៅឃុំធិបតី និង ១៥គ្រួសារ នៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ប៊ុន ហុន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចំណែក​ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព​ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងទាំងមូល។

ឯកឧត្តម ប៊ុន ហុន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ដែលបងប្អូនស្រលាញ់ពេញចិត្ត ក៏ដូចជាបំពេញតួនាទីជាពលរដ្ឋល្អ។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ​ តែងតែនៅក្បែរនិងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបានយកចិត្តទុកដាក់មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់អត់អាហារឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ក្នុងនោះប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកគាស់ក្រឡទាំងមូលក៏ទទួលបានការចាក់វ៉ាក់សាំងដូសទី២ បានរួចរាល់គ្រប់ៗគ្នាផងដែរ។

ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អោយបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន អោយបានខ្ជាប់ខ្ជួន ដើម្បីសុខភាព និងសុខមាលភាពរបស់បងប្អូនផ្ទាល់ ក៏ដូចជាសហគមន៍ទាំងមូល។

ជាកិច្ចឆ្លើយតប បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារចុះជួយស្រុកគាស់ក្រឡ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ