សម្តេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានផែនការយុទ្ធសាស្ត្ររៀបចំធនធានមនុស្សទុកមុន សម្រាប់បំពេញតម្រូវការជ្រើសរើសពេលអនាគត
October 14, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវមានផែនការ ឬយុទ្ធសាស្ដ្ររៀបចំធនធានមនុស្សទុកជាមុន សម្រាប់បំពេញតម្រូវការជ្រើសរើសអ្វីមួយនាពេលអនាគត ព្រោះថា មានខេត្តមួយចំនួន ធ្វើបានជោគជ័យ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅខេត្តពោធិ៍សាត់ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា កាលជំនាន់មុនពិបាករកណាស់ រកអ្នកមានសមត្ថភាពឈរឈ្មោះធ្វើ មេឃុំ-ចៅសង្កាត់។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ មានអ្នកមានសមត្ថភាពឈរឈ្មោះធ្វើមេឃុំ-ចៅសង្កាត់ ច្រើន ដោយសារពួកគាត់មានចំណេះដឹង និងសមត្ថភាព តាមរយៈការសិក្សារ។

សម្ដេចក្រឡាហោម បានបន្ដទៀតថា ដូចគ្នានេះដែរ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំទុកជាមុន នូវយុវជន អ្នកដែលមានសមត្ថភាព និងមានលទ្ធភាព ក្នុងការបម្រើការងារនៅក្រុង-ស្រុក-ខណ្ឌ និងខេត្ត។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នមានខេត្តមួយចំនួន បានគិតគូរពីចម្ងាយ ហើយបានបញ្ជូនមន្ដ្រីជាយុវជន ដែលបានរៀនសូត្រចប់បរិញ្ញាបត្រ ចុះទៅធ្វើការងារនៅមូលដ្ឋាន ដូចជា ៖ នៅថ្នាក់ស្រុក នៅតាមការិយាល័យ ថ្នាក់ស្រុក ជាដើម។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានពន្យល់ថា ក្រោយមកទៀត រដ្ឋបាលខេត្តបានស្រង់មន្ដ្រីទាំងនោះមកវិញ ដើម្បីតែងតាំងជាអភិបាលរងស្រុក រហូតដល់ធ្វើជាអភិបាលរងខេត្ត ឬអភិបាលខេត្ត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ដូច្នេះកុំឱ្យខ្វះប្រភពហ្នឹង ព្រោះថា ឥឡូវនឹងការចាត់ចែងមន្ដ្រីហ្នឹង យើងបានប្រគល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយព្រះរាជក្រឹត្យ បានទម្លាក់មកឱ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ហើយរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់គិតអំពីបញ្ហានេះ ជៀវាងថា ដល់ពេលទៅរកមនុស្ស ដើម្បីដាក់ធ្វើតំណែងនេះ ធ្វើតំណែងនោះ នៅថ្នាក់ស្រុកក្ដី នៅថ្នាក់ខេត្តក្ដី យើងពិបាក ដោយយើងមិនបានគិតទុកជាមុន ហើយមានខេត្តខ្លះ ធ្វើបានល្អ ហើយមានខេត្តខ្លះទៀតក៏មានបញ្ហាក្នុងការរើសមន្ដ្រី»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវពិនិត្យមើល និងជោគវាសនាទៅថ្ងៃអនាគតរបស់ប្រទេសជាតិ ព្រមទាំង បើកឱកាសឲ្យយុវជន បានសិក្សារៀនសូត្រ នៅថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត្យ ឬបណ្ឌិត្យ ដើម្បីយកចំណេះដឹងទាំងនោះមកធ្វើការនៅថ្នាក់ក្រោមជាតិ ព្រោះថា នាពេលបច្ចុប្បន្នយុវជនមានចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ច្រើនណាស់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ