សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី
October 13, 2021    អ្នកទស្សនា :

នារសៀកថ្ងៃអង្គារ៍ ទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួសឯត្តម ស្វាយ សំអ៊ាង ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង វិញ។

សូមជម្រាប់ជូនថា នាព្រឹកថ្ងៃចន្ទ ទី១១ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជំនួសឯកឧត្តម ថង សាវុន។ ដោយឡែក ឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានសម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នារសៀលនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អតីតអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅ នៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តមណ្ឌលគិរី នាពេលកន្លងទៅ ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការណែនាំចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគោលយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងការអនុវត្ត កម្មវិធីកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែនធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ផ្ទៃក្នុងខេត្ត និងសភាពការណ៍សន្តិសុខ នៅតាមបណ្ត យខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដែលបង្កឲ្យ មានអសន្តិសុខ និងចលាចលនៅក្នុងសង្គមនោះទេ។

ឯកឧត្តម បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដីធំទូលាយ ដីមានជីជាតិ ផ្ទៃដីគ្របដណ្ដប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាប សំបូរដោយជ្រលងដងអូរជាច្រើន ដែលជាហេតុធ្វើឱ្យខេត្តនេះ មានសក្កានុពលខ្លាំងលើវិស័យសំខាន់ៗ ចំនួន៤ ក្នុងនោះ មានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម, វិស័យអេកូទេសចរណ៍, វិស័យធនធានរ៉ែ និងវិស័យគមនាគមន៍ ជាដើម។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម ស្វាយ សំអ៊ាង រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តជូន ឯកឧត្តម ថង សាវុន ដើម្បីមុខការទទួលខុសត្រូវ លើតួនាទីភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្មី ចាប់ពេលនេះតទៅ។

ក្រោយទទួលតំណែងជាផ្លូវការរួច ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្មី ក៏បានធ្វើការប្ដេជ្ញាចិត្តបន្តការខិតខំទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មនានាដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ កាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ឯកឧត្តម បានបន្ដថា ឯកឧត្តមនិងខិតខំយកចិត្តទុកដាក់ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខិតខំទប់ស្កាត់បទល្មើសនានា ជាពិសស បទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់ បទល្មើសគ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ព្រមទាំងការដោះស្រាយបញ្ហាវិវាទដីធ្លី ដែលកើតមានក្នុងភូមិសាស្រ្តខេត្ត។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ខេត្តមណ្ឌលគិរី ដែលមានឯកឧត្តម ស្វាយ សំអ៊ាង អតីតអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងក្រុមប្រឹក្សាខេត្ត រួមទាំង មន្ដ្រីជុំវិញខេត្តទាំងអស់ បានទទួលខុសត្រូវបំពេញការងារ និងបេសកម្មជាច្រើន ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយទាំងនេះ ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសុខសន្ដិភាព ស្ថេរភាព ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់កម្ពុជា។

លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍សង្ឃឹម និងជឿជាក់លើឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្មី នឹងខិតខំប្រឹងប្រែងធ្វើការងារបន្ដពី ឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវបានផ្ទេរភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងវិញ ដើម្បីឱ្យទទួលបានគាំទ្រពីប្រជាពលរដ្ឋនៅជុំវិញខេត្តមណ្ឌលគិរី។

ក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានណែនាំដល់រដ្ឋបាលខេត្តមណ្ឌលគិរី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសនោះ ប្រជាពលរដ្ឋ ត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយរក្សាគម្លាត ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជាដើម។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានសម្តែងក្តីសប្បាយរីករាយនៅពេលខេត្តមណ្ឌលគិរី មានក្រុមហ៊ុនមកវិនយោគជាបន្ដបន្ទាប់ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋជុំវិញខេត្តមណ្ឌលគិរី៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ