សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះនគរបាលចរាចរណ៍ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
September 21, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានកោតសរសើរចំពោះកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការគោរព និងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២១ មានលក្ខណៈល្អប្រសើរជាងមុន ជាពិសេស កាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស។

ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ គ.ស.ច.គ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្នុងនាមខ្ញុំផ្ទាល់ សូមធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីនៃក្រសួងព័ត៌មាន និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា រួមទាំង វិស័យឯកជន អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលបានខិតខំ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគោរព និងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានញ៉ាំងឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ មានលក្ខណៈល្អប្រសើរជាងមុន ជាពិសេសបានកាត់បន្ថយទាំងហេតុការណ៍គ្រោះថ្នាក់ ទាំងចំនួនអ្នកស្លាប់ និងអ្នករបួស និងការខូចខាតទ្រព្យសម្បត្តិបុគ្គល និងសាធារណៈ ដោយបានឆ្លើយតបប្រកបដោយភាពវិជ្ជមានទៅនឹងគោលបំណង និងសំណូមពរ នៃយុទ្ធនាការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។

សម្ដេចក្រឡាហោម ក៏បានកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលរាជធានី-ខេត្ត ដែលពាក់ព័ន្ធទន្ទឹមនឹងការចូលរួមដោះស្រាយវិបត្តិជំងឺកូវីដ-១៩ បានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគម្រោងការរបស់រាជរដ្ឋាភិបាល កសាងសមិទ្ធផលផ្លូវថ្នល់ថ្មីៗថែមទៀត ដូចជា ៖ ការកសាងផ្លូវល្បឿនលឿន ការជួសជុល និងកែលម្អផ្លូវជាតិ ផ្លូវរាជធានី-ខេត្ត បម្រើដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគជ័យ ក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា ការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ