មន្ដ្រីជំនាញក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ
September 02, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ មន្ដ្រីជំនាញតំណាងក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូតនានា ប្រចាំកម្ពុជា និងគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការដាក់ឱ្យដំណើការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នាពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា ការងារកំណែទម្រង់ ដើម្បីលើកស្ទួយបរិយាកាសធុរៈកិច្ច និងវិនិយោគនៅកម្ពុជា បានសម្រេចនូវលទ្ធផលតាមការគ្រោងទុក។ ឯកឧត្តម បានបន្តថា នាខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចនូវលទ្ធផលដោយផ្នែកគោលនយោបាយ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។

ឯកឧត្តម បានបន្ថែមថា ជាមួយចក្ខុវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបដិវត្តឌីជីថល នៅក្នុងគ្រប់តួអង្គសង្គមទាំង រដ្ឋ ពលរដ្ឋ និងធុរៈជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្ពុជា ការធ្វើបដិវត្តឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីការរីកចម្រើន នៃបច្ចេកវិទ្យា គនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលទ្ធភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំង ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យ ដែលប្រជាពលរដ្ឋទទួលផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន និងភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ ផងដែរ។

គួរបញ្ជាក់ដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច ជាកញ្ចប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងដំណាក់កាលទី១ ប្រព័ន្ធបានគ្របដណ្តប់លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ដោយឡែក ក្នុងដំណាក់កាលទី២ នេះ ប្រព័ន្ធនឹងពង្រីកវិសាលភាពផ្តល់ភាពកាន់តែងាយស្រួលជាងមុនដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ តាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមាន តួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។

សូមជម្រាបជូនថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេក វិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងកែប្រែបរិយាកាស ធុរៈកិច្ច វិនិយោគ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជាពិសេស ចូលរួមចំណែកដល់ការរក្សា និរន្ដរភាព នៃសកម្មភាព សេដ្ឋកិច្ច ក្នុងបរិបទការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើឌីជីថល ពាណិជ្ជកម្ម និងសេវាសាធារណៈ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ