ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម
August 05, 2021    អ្នកទស្សនា :

ភ្នំពេញ ៖ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ។

ស្របតាមស្មារតីនៃទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធផលជាផ្លែផ្កាក្នុងការងារថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ភាគីទាំងពីរ ក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ក្នុងនោះរួមមាន ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំង ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ និងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន អំពើជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលតែងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែក បង្កលក្ខខណ្ឌសមស្របដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍសង្គម ជាតិ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះប្ដូរវេន រៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២១ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម។ ប៉ុន្តែដោយសារស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ កិច្ចប្រជុំប្រចាំឆ្នាំ២០២១នេះ ត្រូវបានលើកមកប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូអនឡាញវិញ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ