សម្ដេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍១៣ចំណុចក្រើនរំលឹកក្រសួងស្ថាប័នពាក់ព័ន្ធឲ្យបន្តពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងការពារកុមារតាមប្រព័ន្ធអនឡាញ
July 14, 2021    អ្នកទស្សនា :

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ចំនួន១៣ចំ ណុចសំខាន់ៗដល់ថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចក្នុងការបន្តពង្រឹងការអនុវត្ត បទដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីប្រសិទ្ធភាពក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឲ្យប្រកបដោយ សង្គតិភាពក្នុងការបង្ការទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអនុសាសន៍សំខាន់ៗនេះ ក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២១។

អនុសាសន៍ទាំង១៣ចំណុចរបស់សម្តេចក្រឡាហោម ស ខេង រួមមាន៖

១. គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់បញ្ចូលផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាមី។

២. នាយកដ្ឋាន និងការិយាល័យ ជំនាញដែលមានសមត្ថកិច្ចក្នុងការធ្វើអន្តរាគមន៍ និងដោះស្រាយ ករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការដោះស្រាយករណីកុមារឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ។

៣.សិក្សាឡើងវិញនូវភាពខ្វះចន្លោះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេច ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញ។

៤. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ ជាតិ និងក្រោមជាតិដោយប្រើប្រាស់យន្តការដែលមានស្រាប់ សំដៅលើកកម្ពស់ការធ្វើឲ្យសម្រេចនូវយុទ្ធសាស្ត្រទាំង៦ដែលមាននៅក្នុងផែនការនេះ។ លើសពីនេះទៀតត្រូវពង្រឹងប្រព័ន្ធតាមដាន ពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេសហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញ ចូលតែមួយគ្រប់ការងារដែលផ្តោតលើកុមារ។

៥. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវក្រុមហ៊ុនផ្តល់ សេវាអ៊ីនធឺណិត ក្នុងការកំណត់នូវស្តង់ដារដែលអាចបង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជា ពិសេស បង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះ មាតិតារូបភាពនិងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន។

៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជា ពិសេស ការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងបទល្មើសបច្ចេកវិទ្យាពត៌មាន ដោយផ្ដល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិ ដើមភាគតិច និងកុមារមានពិការភាព។

៧. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការដៃគូ គប្បីជំរុញ លើកកម្ពស់ការយល់ដឹងអំពីពត៌មានសង្គមដល់មាតាបិតា និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ជៀសវាងពីទំនាក់ទំនងជាមួយជនខិលខូចនៅក្នុងប្រព័ន្ធអ៊ីនធឺណិតនេះ។

៨. ពង្រឹងការអនុវត្តប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ និងយន្តការឆ្លើយតបឱ្យទាន់ពេលវេលា។

៩. ពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធជាតិ និង អន្តរជាតិក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបករណីរូបភាព និង សម្ភាសអាសអាភាសកុមារឱ្យទាន់ពេលវេលា។

១០.ពិនិត្យលទ្ធភាពក្នុងការវិនិយោគលើធនធានមន្ត្រីសង្គមកិច្ច តាមបណ្តាឃុំ សង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច ជាពិសេសយកចិត្តទុកដាក់ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ កុមារត្រូវបានគេបោះបង់ កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

១១. ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោគបំពានកុមារគ្រប់រូបភាព  ក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដើម្បីឲ្យមាតាបិតា អាណាព្យាបាល បង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។

១២. ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលផ្តល់សេវាអ៊ីនធឺណិត ណែនាំអ្នកប្រើប្រាស់ ឧបករណ៍ចែកចាយអ៊ីនធឺណិត ដែលមានសុវត្ថិភាពចំពោះកុមារ។ ក្នុងនោះដែរ លើកទឹកចិត្តឱ្យពិនិត្យលទ្ធភាពដាក់ឧបករណ៍ ដើម្បីគ្រប់គ្រងនិងផ្ដល់សញ្ញាហាមឃាត់ និងប្រើប្រាស់វ៉េបសាយអាសអាភាសកុមារ។

១៣. តាមដានភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ ក្នុងកិច្ចការពារកុមារពីភាព រងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ