ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ
June 23, 2021    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ។ ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺធ្វើឡើងដោយសារមានមជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចាប់អារម្មណ៍ទៅលើអ្វីដែលជាការណ៍នាំទៅដល់ការចាប់ខ្លួនយុវជន ០៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនសាធារណជនជ្រាប ដូចតទៅ៖

ទី១-អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការនេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧។ តាមមូលហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការបំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ។

ទី២-ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលឈរពីក្រោយឈ្មោះអង្គការនេះហើយដែលត្រូវក្រសួងមហាផ្ទៃបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនឱ្យធ្វើសកម្មភាពខុសច្បាប់។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន០៣រូប ដោយក្នុងកិច្ចប្រជុំ ពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។ ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ចើឱ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានកាតាមច្បាប់ជាធរមាន។

និងទី៣-ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការធម្មជាតិ គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឱ្យមានភាពចលាចលវឹកវរក្នុងប្រទេស។ ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅផ្ដួលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ