រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់អំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបរិស្ថាន
June 08, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហាបរិស្ថាននៅកម្ពុជា។ សម្ដេចបានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នាពេលកន្លងមក ក្នុងនាមសម្ដេចផ្ទាល់តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានឲ្យបន្ដកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការធ្វើយ៉ាងណា ខិតខំរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ដើម្បីបម្រើដល់ផលប្រយោជន៍រួម។

សម្ដេចក្រឡាហោម ក៏បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យបរិស្ថាននេះ ជាដៃគូ ហើយតែងតែលើកទឹកចិត្តជំរុញឱ្យអ្នកធ្វើការក្នុងវិស័យទាំងអស់ឲ្យចាត់ទុកអាជ្ញាធរមូលដ្ឋាន ក៏ដូចជា រាជរដ្ឋាភិបាល ជាដៃគូរទៅវិញទៅមក ដែលធ្វើការរួមជាមួយគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានឡើងក្រោមហេតុផលរបស់សកម្មភាពការពារបរិស្ថាននេះ ប៉ុន្ដែក្នុងចេតនាបង្កឲ្យមានអសន្ដិសុខ ក៏ដូចជា ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយសកម្មភាពទាំងនោះ គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របតាមច្បាប់។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទៅលើវិស័យបរិស្ថាននេះផងដែរ ឯកឧត្តម W. Patrick Murphy ក៏បានលើកឡើងថា បច្ចុប្បន្ននេះ អាមេរិកមានគម្រោងមួយចំនួន ពាក់ព័ន្ធទៅនឹងការងារបរិស្ថាននេះ កំពុងតែដំណើរការនៅកម្ពុជា ក្រោមការជួយគាំទ្រពីសហរដ្ឋអាមេរិក ហើយឯកឧត្តមរំពឹងថា វឌ្ឍនភាពនឹងបន្ដរីកចម្រើនទៅលើការងារទាំងនោះដែលពាក់ព័ន្ធទៅលើវិស័យបរិស្ថាន។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា នេះជាឱកាសមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការមួយផ្នែកទៀតក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ហើយភាគីទាំងពីរ អាចកំណត់នូវវិស័យផ្សេងៗទៀតសម្រាប់កិច្ចប្រតិបត្តិការជាមួយគ្នា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ