ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ផែនការសកម្មភាពឆ្នាំ២០២០ និងសេចក្តីព្រាងផែនការសកម្មភាពភាពឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន។
កិច្ចប្រជុំនេះ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គាធិការបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារឆ្នាំ២០២០ និងបានកោតសរសើរចំពោះក្រុមការងាររៀបចំផែនការសកម្មភាពឆ្នាំ២០២១ថា រៀបចំបានល្អប្រសើរ ជាពិសេសរៀបចំបានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការប្រគល់ឱ្យ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គាធិការបានណែនាំក្រុមការងារពិនិត្យពាក្យបច្ចេកទេសមួយចំនួនឡើងវិញឱ្យបានត្រឹមត្រូវដោយផ្អែកតាមលិខិតបទដ្ឋានដាក់ចេញកន្លងមក។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអគ្គាធិការ បានក្រើនរំលឹកឯកឧត្តមអគ្គាធិការង និងលោកប្រធាននាយកដ្ឋាន វិភាគមុខងារឱ្យបានលឿន និងពន្លឿនការដោះស្រាយបណ្តឹងទាំងចាស់ទាំងថ្មី ដោយយុត្តិធម៌ មិនពុករលួយ។
ចុងក្រោយនិងជាថ្មីម្តងទៀត ឯកឧត្តមអគ្គាធិការបានថ្លែងការអរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសង្ឃឹមថា ឆ្នាំ២០២១នេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចតាមភារកិច្ចរៀងៗខ្លួន ដើម្បីឱ្យសម្រេចផែនការសកម្មភាពការងារឆ្នាំ២០២១តាមការគ្រោងទុក និងអនុវត្តការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន ដើម្បីផលប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់អង្គភាព៕
ប្រភព៖ អគ្គាធិការដ្ឋាន