ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការកែសម្រួលលើលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព
January 08, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ គឺរួមគ្នាពិនិត្យលើសេចក្ដីព្រាងគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដែលត្រូវបានលើកកម្រិតពីភូមិ ឃុំមានសុវត្ថិភាព មកជាភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពវិញ។ សម្ដេចបានបន្តថា គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនេះត្រូវបានអនុវត្តក្នុងរយៈពេលប្រមាណ១០ឆ្នាំមកហើយ ហើយការដាក់ចេញឲ្យអនុវត្តគោលនយោបាយនេះ មានការគាំទ្រ និងចូលរួមច្រើន ជាពិសេសមានការអនុវត្តបានខ្ជាប់ខ្ជួនពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ សម្ដេចបានលើកឡើងថា ការរៀបចំសេចក្ដីព្រាងគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពនេះ គឺការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយនេះមានភាពចាំបាច់ ដោយហេតុថាមានបញ្ហាថ្មីៗមួយចំនួនបានកើតឡើង ដែលមាននៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឬផែនការយុទ្ធសាស្ត្ររបស់ស្ថាប័ននីមួយៗ ហើយត្រូវធ្វើយ៉ាងណាលើកឡើងពីបញ្ហាដែលពាក់ព័ន្ធផ្ទាល់ជាមួយជីវភាពប្រជាពលរដ្ឋ។

ជាងនេះទៅទៀត សម្ដេចក៏បានបន្ថែមថា គោលនយោបាយនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការចូលរួម និងសហការអនុវត្តពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីឆ្ពោះទៅរកការដោះស្រាយបញ្ហាផ្ទាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គួរជម្រាបជូនថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងឲ្យមានការចូលរួមគាំទ្រ កាន់តែច្រើនបន្ថែមទៀត រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងលើកកំរិតគោលនយោបាយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង៖

១. បន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហន្តរាយ និងជម្ងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

២. កសាងបានជាកម្លាំងសរុប និងមធ្យោបាយសរុបក្នុងការអនុវត្តគោលយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបំផុសឲ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចពីផ្នែកពាក់ព័ន្ធនានា និងប្រជាជននៅទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា សេចក្ដីព្រាងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង ដូចខាងក្រោម៖

១. គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។

២. គ្មានបទល្មើសគ្រឿងញៀន។

៣. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។

៤. មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។

៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជម្ងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

៦. ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៨. គ្មានគ្រោះថ្នាក់ចរាចរណ៍៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ