អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង
November 10, 2020    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធនានាផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កិច្ចប្រជុំឆ្លងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ មានគោលបំណងប្រមូលនូវមតិយោបល់ធាតុចូលនានាពីអង្គប្រជុំ ដើម្បីរួមគ្នាពិនិត្យនូវចំណុចដែលត្រូវបន្ថែម ឬកែសម្រួល។ ឯកឧត្តមបានបន្ថែមថា ការរៀបចំឯកសារនេះផងដែរ គឺផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គលេខាធិការដ្ឋាន ក្នុងន័យទុកជាការក្រើនរំលឹក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមចំណុះអគ្គលេខាធិការដ្ឋានក្នុងការអនុវត្ត និងបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន។ ឯកឧត្តម អគ្គលេខាធិការ ក៏បានបង្ហាញក្ដីសង្ឃឹមថា មន្ត្រីចំណុះអាចយល់បានច្បាស់លាស់ និងបំពេញការងារទៅតាមកំណត់ដូចដែលមានចែងក្នុងសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។

គួរជម្រាបជូនថា សេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាពការងារ ការអនុវត្តច្បាប់ រក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងរក្សាសេចក្ដីថ្លៃថ្នូរ របស់មន្ត្រីរាជការបំពេញតួនាទី ភារកិច្ចចំណុះអគ្គលេខាធិការដ្ឋាន។

ឆ្លៀតក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គលេខាធិការ ក៏បានមានមតិស្វាគមន៍ និងប្រគល់អនុក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជូនឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យដាវីត ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការរងផងដែរ ហើយឯកឧត្តម អគ្គលេខាធិការ សង្ឃឹមថា នាយនគរបាលជាតិដែលទើបតែងតាំងមុខតំណែងថ្មី នឹងចូលរួមសហការជាមួយថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ដើម្បីរួមគ្នាបំពេញភារកិច្ច ការងាររបស់អគ្គលេខាធិការដ្ឋានឲ្យទទួលបានលទ្ធផលល្អ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ