សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នលើបញ្ហាជំងឺកូវីដ-១៩ គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍
November 08, 2020    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នលើបញ្ហា៣ធំៗគឺ បញ្ហាជំងឺកូវីដ-១៩ បញ្ហាគ្រឿងញៀន និងបញ្ហគ្រោះថ្នាក់ចរាចរណ៍ ដោយសម្តេចបានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០.២១០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការពារកុំឲ្យមានការធ្វេសប្រហេសឱ្យសោះពាក់ព័ន្ធទៅនឹងបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្តេចបានលើកឡើងថា មកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ជិត៣០០នាក់ហើយ ក៏ប៉ុន្តែពុំមាននរណាម្នាក់ស្លាប់នោះទេ ដោយភាគច្រើនសុទ្ធសឹងតែអ្នកជំងឺនាំមកពីក្រៅប្រទេស ហើយបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងត្រូវតែការពារ កុំទ្វេសប្រហែសដោយត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះប្រសិនបើកាលណាកើតមានជំងឺនេះហើយ នឹងមានការឆ្លងរាលដាលជាបន្តបន្ទាប់។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កាលពីមុនបញ្ហាគ្រឿងញៀននេះ កើតមានភាគច្រើនតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នវាបានរីករាលដាលដល់តាមតំបន់ជនបទមួយចំនួន ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ សមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀនជិត២តោន។ ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងឡាយឲ្យជៀសឆ្ងាយពីគ្រឿងញៀនដែលបំផ្លាញអនាគត់របស់ពួកគេ ហើយសម្តេចក៏បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមខ្ពស់ពីក្រុមគ្រួសារ ក្នុងការគ្រប់គ្រង និងអប់រំសមាជិកគ្រួសាររបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែលើនគរបាល និងសមត្ថកិច្ចនោះឡើយ។

ជាមួយគ្នានេះសម្តេចក្រឡាហោម ក៏បានលើកឡើងពាក់ព័ន្ធបញ្ហចរាចរណ៍ ដោយសម្តេចបានសង្កត់ធ្ងន់ថា បញ្ហានេះបានបណ្តាលឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ច្រើនជាងសង្គ្រាមទៅទៀត ដូច្នេះយើងមិនត្រូវមើលស្រាលនោះទេចំពោះបញ្ហានេះ ជាពិសេសអ្នកបើកគោយន្តដែលមានហានិភ័យខ្ពស់ ព្រោះតែចង្កូតមានលក្ខណៈវែង ពិបាកក្នុងការគ្រប់គ្រងនិងបើកបរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ