ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍
October 12, 2020    អ្នកទស្សនា :

      អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានចុះផ្សាយថា ប្រជាពលរដ្ឋស្នើរាជរដ្ឋាភិបាល និងលោកអភិបាលស្រុកឆ្លូង មេត្តាបង្រ្កាបករណីដឹកជញ្ជូនឈើខុសច្បាប់ និងល្បែងស៊ីសង។

      អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា អនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយនានា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញ បានសហការយ៉ាងមោះមុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់។

      ជាក់ស្តែង ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២០ ផ្នែកជំនាញបានបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ២១៩ ករណី រឹបអូសឈើចម្រុះបានចំនួន ៦០៨ម៣ ៩៣០ និងមធ្យោបាយសម្ភារប្រព្រឹត្តបទល្មើសជាច្រើនប្រភេទផ្សេងទៀត។ ជាងនេះទៅទៀតនាឆ្នាំ២០១៩ កន្លងទៅកម្លាំងសមត្ថកិច្ច និងផ្នែកជំនាញបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានចំនួន ២៧០ករណី រឹបអូសឈើចម្រុះគ្រប់ប្រភេទបានចំនួន ៨៣៤ម៣៣២៧ និងមធ្យោបាយសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនទៀតផងដែរ។

      ស្របនឹងការចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទនេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញ នៃរដ្ឋបាលស្រុកឆ្លូង បានធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំជាប់ជាប្រចាំផងដែរ ដោយក្នុងរយៈពេល ០៦ខែក្នុងឆ្នាំ២០២០នេះ ជាក់ស្តែង សម្រេចបានការបង្ក្រាបបទល្មើសព្រៃឈើចំនួន ០៦លើក បទល្មើសនេសាទចំនួន ០៧លើក បង្រ្កាបល្បែងជល់មាន់ចំនួន ០៥លើក និងល្បែងបៀរអាប៉ោងចំនួន ០៨លើក ដោយរឹបអូសវត្ថុតាង និងខិតខំស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើស និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការជាបន្តបន្ទាប់។ ទាំងសកម្មភាព និងលទ្ធផលនេះគឺសបញ្ជាក់អោយឃើញថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

      អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមបដិសេធ ចំពោះការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញថែមស៍ខាងលើនេះគឺ មិនមានការពិតឡើយ ដែលធ្វើឲ្យសាធារណមតិមានការយល់ច្រឡំមកលើអាជ្ញាធរ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ