ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី សកម្មភាពផ្ទុយទៅនឹងច្បាប់ របស់ក្រុមយុវជនពីរក្រុម
September 07, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានអំពីសកម្មភាពរបស់ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដែលបាននិងកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។

      ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងបណ្ដាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវិដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។

      ក្នុងនេះផងដែរក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងនេះ លើសពីនេះទៀត ក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅនៅក្នុងសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ