សមត្ថកិច្ចឃាត់ខ្លួនជនល្មើសគ្រឿងញៀនបានជាង៨ពាន់នាក់ ក្នុងឆមាសទី១ឆ្នាំនេះ
July 03, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

      តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើងជាង២៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ កើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។

      អ្នកល្មើសគ្រឿងញៀនមានជនជាតិផ្សេងៗដូចជា៖ជនជាតិខ្មែរចំនួន៨,៣៦៩នាក់ ជនជាតិវៀតណាម៩៦នាក់ ជនជាតិឡាវ២នាក់ ថៃ៣នាក់ ចិន១៣នាក់ ភូមា០១ម្នាក់ ឥណ្ឌូនេស៊ី០១នាក់ សាំងហ្គាពួរ០១នាក់ ជប៉ុន១ម្នាក់ និងនីហ្សេរីយ៉ា១ម្នាក់។

      បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការអនុវត្តស្តីពីការងារប្រឆាំងការសម្អាតប្រាក់បានមកពីបទល្មើសគ្រឿងញៀន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។

      ឯកឧត្តមអគ្គស្នងការរង បន្តទៀតថា យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

      ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តឲ្យនគរបាលបង្រ្កាបគ្រឿងខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ថ្វីត្បិតកិច្ចការនេះ វាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។

      សូមជម្រាបថា នៅឆ្នាំ២០១៩ ការបង្រ្កាប់គ្រឿងញៀនទូរទាំងប្រទេសកម្ពុជា បានចំនួនជាង៩ពាន់ករណីឃាត់ខ្លួនជនសង្ស័យបានជាង២ម៉ឺននាក់ ក្នុងនោះមានជនបរទេស៤៤៧នាក់ ស្មើរ១៥ជនជាតិ រឹបអូសគ្រឿញៀនបានជាង៧៥០គីឡូក្រោម គឺកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ