នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងទិសដៅការងារបន្ត
June 04, 2020    អ្នកទស្សនា : 49

      ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងទិសដៅការងារបន្ត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការទាំង២៥រាជធានី-ខេត្ត។

      ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍លើកឡើងដោយសង្កត់ធ្ងន់ចំនុចសំខាន់ៗចំនួន៥ធំៗ។

ទីI-គឺបញ្ហាស្ថានភាពសន្តិសុខក្នុងប្រទេស ដោយផ្អែកទៅលើឥទ្ធិពលស្ថានការពិភពលោក ផ្អែកទៅលើឥទ្ធិពលការរាតត្បាតនៃជម្ងឺកូវិដ១៩ និងផ្អែកលើស្ថានការជាក់ស្តែងនៅក្នុងប្រទេស ឯកឧត្តម បានជំរុញឲ្យយកចិត្តទុកដាក់ពង្រឹងសភាពការណ៍សំដៅធានាសុវត្ដិភាព សន្តិសុខ ធានាមិនឲ្យមានអំពើភេរវកម្ម និងទប់ស្កាត់ឲ្យបាននៅឥទ្ធិពលការវាយប្រហាររបស់ជនអគតិដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។

ទីII-ការប្រយុទ្ធប្រឆាំងបទល្មើស ពាក់ព័ន្ធបទល្មើសព្រហ្មពណ្ឌ មានចំនុចសំខាន់ៗចំនួន៤៖ 

ទី១-ត្រូវខិតខំជំរះឲ្យអស់ករណីដែលមិនទាន់ស្រាវជ្រាវរកឃើញ និងជំរុញគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនិងបទល្មើស មុខសញ្ញា និងដីកាធ្វើយ៉ាងណាឲ្យនៅក្នុងទិន្នន័យបច្ចេកវិទ្យាទាំងអស់។ 

ទី២-ខិតខំធ្វើបច្ចុប្បន្នភាពគ្រប់ផែនការទាំង៦ ដែលបានដាក់ចេញកន្លងមកសំរាប់ការកាត់បន្ថយបទល្មើសលួច ឆក់ ប្លន់ជាដើម។ 

ទី៣-លើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ ដែលពេលបច្ចុប្បន្នក្រសួងយុត្តិធម៌កំពុងបើកយុទ្ធនាការដោះស្រាយសំនុំរឿងដែលនៅកកស្ទះ ដូច្នេះត្រូវតែខំប្រឹងពង្រឹងសមត្ថភាពមន្ត្រីរបស់យើង ដើម្បីមានសមត្ថភាពក្នុងការកសាងសំនុំរឿងជៀសវាងមានការថ្លោះធ្លោយ។

ទី៤-លើកកម្ពស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ដែលការងារចំពោះមុខត្រូវបើកវគ្គបណ្តុះបណ្តាលនៅហ្នឹងកន្លែង និងខិតខំលើកសមត្ថភាពគ្រូបង្គោល និងរៀបចំធ្វើបណ្ណសារតាមបែបបច្ចេកវិទ្យាពាក់ព័ន្ធការគ្រប់គ្រងជនល្មើស និងពិរុទ្ធជន។

      ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ឯកឧត្តមអគ្គស្នងការ បានសង្កត់ធ្ងន់លើបញ្ហាចំនួន៥៖

ទី១-មន្ទីរប្រឆាំងគ្រឿងញៀនត្រូវរៀបចំផែនការជួយដល់ស្នងការរាជធានី-ខេត្ត ដោយខិតខំដាក់ចេញនូវវិធានការទប់ស្កាត់សកម្មភាពហូរចូលគ្រឿងញៀនពីខាងក្រៅ។

ទី២-បញ្ហាថ្មីតាមច្រកចេញចូលដែលយើងធ្លាប់បានបង្ក្រាបតាមផ្លូវគោក ជាពិសេសភាគខាងជើងប្រទេស តាមផ្លូវអាកាស និងតាមកញ្ចប់បញ្ញើប្រៃសណីយ៍ ជាពិសេសថ្មីៗនេះ យើងបានរកឃើញករណីមួយចំនួនដែលបង្ហាញថាមានសញ្ញាណនៃការចរាចតាមផ្លូវទឹក។

ទី៣-ខិតខំទប់ស្កាត់ឲ្យបានការលួចកែរច្នៃគ្រឿងញៀន ជាក់ស្តែងដូចយើងដឺងហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀនទេ ប៉ុន្តែកម្ពុជាជាប្រទេសដែលទទួលរងគ្រោះ ដូចជាប្រទេសដទៃទៀតដែរ ដូច្នេះត្រូវខិតខំរក្សាឲ្យបានថាប្រទេសយើងមិនមែនជាប្រទេសដែលផលិតគ្រឿងញៀន។ បន្តការទប់ស្កាត់ការចរាចរគ្រឿងញៀននៅតាមក្លឹបកំសាន្ត ខិតខំធ្វើការបោសសម្អាតឲ្យបានដាច់ខាតមិនឲ្យមានការប្រើប្រាស់រឺក៏ចែកចាយគ្រឿងញៀននៅតាមក្លឹបកំសាន្តសប្បាយនោះទេ។

ទី៤-បន្តទប់ស្កាត់ការរីករាលដាលការជួញដូរគ្រឿងញៀននៅតាមសហគមន៍ បើទោះបីជាមានការលំបាកបន្តិចចំពោះសមត្ថិកិច្ច តែត្រូវតែខិតខំស្តារនូវស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ទី៥-ពាក់ព័ន្ធនិងអ្នកប្រើប្រាស់ បើតាមផ្លូវច្បាប់បានចាត់ទុកថាគាត់ជាជនរងគ្រោះ ហើយប្រសិនបើគាត់ស្ម័គ្រចិត្តទទួលយកការព្យាបាលសមត្ថកិច្ចមិនធ្វើការចាប់បញ្ជូនទៅតុលាការទេ។

ពាក់ព័ន្ធនិងបទល្មើសប្រឆាំងការជួញដូរមនុស្ស ឯកឧត្តមអគ្គស្នងការ បានជំរុញឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូរបទេស និងវិស័យឯកជន ខិតខំពិនិត្យឡើងវិញនៅសំនុំរឿងចាស់ដែលនៅសេសសល់។

ទីIII-ពង្រឹងការងារអន្តរាគមន៍ប្រចាំបញ្ជាដែលជាចំនុចសំខាន់ ដែលត្រូវដោះស្រាយបញ្ហាដែលកើតមានឡើងទាន់ហេតុការណ៍ ដូចជាករណីកូវីដ១៩ ការរឹតបណ្តឹងច្បាប់ចរាចណ៍ផ្លូវគោក ការងារនេះមានលក្ខណសំខាន់ដែលជាការងារអទិភាព ហេតុដូច្នេះគ្រប់ស្នងការរាជធានី-ខេត្តត្រូវតែរៀបចំពង្រឹងវិន័យ មានការហ្វឹកហាត់ ត្រូវតែមានការប្រមូលផ្តុំកម្លាំង មានកន្លែងហូបចុក ស្នាក់នៅ ការពិនិត្យសុខភាព ការបំពាក់សម្ភារៈបច្ចេកទេសសម្រាប់ប្រតិបត្តការ ដើម្បីអន្តរាគមន៍ទាន់ហេតុការណ៍។ ឯកឧត្តម ក៏បានណែនាំឲ្យមានការចងក្រងជាក្រុមធ្វើការតាមដានព័ត៌មានសង្គម ការទិតៀន ដើម្បីកែរលម្អ ក៏ដូចជាការវាយប្រហារលក្ខណទុច្ចរិតរបស់ក្រុមអគតិ ដើម្បីធ្វើការបកស្រាយ។

ទីIV-ការងារព្រំដែន ជាទូទៅយើងបានខិតខំធ្វើច្រើន បើទោះបីជាមិនទាន់អាចឆ្លើយតបបាន១០០% តែរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការនគរបាលជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងមូលដ្ឋាន បំពាក់មធ្យោបាយ សម្ភារៈ និងស្បៀងអាហារ ជូនដល់កងកម្លាំង។ ឯកឧត្តម ក៏បានជំរុញបន្ថែមលើការងារថែទាំកងកម្លាំង ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដៃគូជាប់ព្រំដែន សំដៅទប់ស្កាត់រាល់បទល្មើសទាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការនាំពលករចេញខុសច្បាប់ជាដើម។ លើកទឹកចិត្តកងកម្លាំងឲ្យមានការបង្កបង្កើនផលនៅហ្នឹងកន្លែង ដើម្បីជួយលើកស្ទួយជីវភាពបងប្អូននៅតាមអង្គភាព។

ទីV-ការងារកសាងធនធានមនុស្សក៏ជាចំនុចសំខាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ឲ្យប្រធាននាយកដ្ឋាន-អង្គភាពទាំងអស់នៅតាមរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព គុណភាពរបស់កងកម្លាំង ជាពិសេសការគោរពវិន័យ វត្តមាន គ្រប់គ្រងស្មារតី សតិអារម្មណ៍ ផ្សព្វផ្សាយអប់រំ និងផ្តល់ព័ត៌មានអំពីសភាពការណ៍ថ្មីដល់បងប្អូនឲ្យបានជ្រួតជ្រាប ជៀសវាងខ្វះខាតព័ត៌មាននាំឲ្យមានអារម្មណ៍មិនហ្នឹងហ្ន និងធ្វើបច្ចុប្បន្នភាពជាក់ស្តែងទៅតាមស្ថានការណ៍។ ជំរុញឲ្យមានការបើកវគ្គបណ្តុះបណ្តាលនៅតាមអង្គភាព និងតាមផែនការដែលមានប្រចាំឆ្នាំ និងស្នើឲ្យនាយកដ្ឋានបុគ្គលិកខិតខំវាយតម្លៃវិន័យចំពោះកងកម្លាំងទៅតាមបទបញ្ជា០០៦ របស់កងកម្លាំងនគរបាលជាតិ រឺក៏អង្គភាពដែលមានស្នាដៃ។

      ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ចំពោះការងារដឹកនាំបញ្ជាដែលកំណត់សិទ្ធអំណាច និងរបៀបរបបធ្វើការ ការទទួលបញ្ជាពីសេនាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គស្នងការ ទៅស្នងការដ្ឋាន រឺក៏អង្គភាពចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ប្រភព៖ អគ្គស្នងការដ្ឋានននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ